ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនអ្នកការទូតទៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីបញ្ហាសម្ព័ន្ធមិត្ដ និងកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Stephen Biegun នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយមន្រ្តីកូរ៉េខាងត្បូង អំពីបញ្ហាសម្ព័ន្ធភាព និងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងជាមួយកូរ៉េខាងជើង។

ដំណើររយៈពេល ៤ ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះត្រូវបានគេរំពឹងថា នឹងក្លាយជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់ទីក្រុងសេអ៊ូល ក្នុងនាមជាអ្នកការទូតអាមេរិកាំងលេខ ២ និងជាអ្នកការទូតអាមេរិកប្រចាំប្រទេសកូរ៉េខាងជើង មុនពេលរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បញ្ចប់អាណត្តិ ៤ឆ្នាំ។

ក្រសួងការបរទេសបានឲ្យដឹងថា“ លោកនឹងជួបជាមួយមន្រ្តីនៅសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្តិសុខស្ថិរភាព និងវិបុលភាពក្នុងតំបន់នៅទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធលើប្រទេសកូរ៉េខាងជើង”៕ដោយ ឈូក បូរ៉ា

To Top