ព័ត៌មានជាតិ

មេរោគ Facebook កំពុងវាយប្រហារ នៅកម្ពុជា

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រុងប្រយ័ត្ន ចំពោះហ្វេសប៊ុក ព្រោះបច្ចុប្បន្នមេរោគហ្វេសប៊ុក កំពុងវាយប្រហារកម្ពុជា។

ថ្មីៗនះក្រុមការងារបច្ចេកទេស សង្កេតឃើញមានករណីចម្លងមេរោគ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?” ។ មេរោគ នេះត្រូវបានចែករំលែកតាមរយៈសារ Messenger នៃគណនីមួយទៅ កាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា ។

ចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម៖

-ដំបូងឡើយសង្កេតឃើញការផ្ញើសារ ភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ ពីគណនីអនាមិក ដែលបង្ហាញខ្លឹមសារថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?” និងករណីមួយចំនួនជាមិត្តភ័ក្តិ ឬបុគ្គលដែលម្ចាស់គណនីស្គាល់ ។ តំណភ្ជាប់នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ

-ពេលដែលអ្នកធ្វើការចុចលើរូបភាព ឬវីដេអូ ក្នុងកម្មវិធីសារ Messennger តំណភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគ ដែលមានសមត្ថភាព លួចយកលេខសម្ងាត់ គណនីបណ្តាញសង្គមរបស់អ្នក ដោយវិធីសាស្ត្របន្លំលួច (Phishing) ឬចម្លងមេរោគ (Malware)

-បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះ ដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូ អាសអាភាស ឬវីដេអូផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យា DeepFake ហើយធ្វើការចែករំលែក បន្តទៅកាន់មិត្តភក្រ ដែលមានក្នុងគណនី ដោយស្វ័យប្រវត្តិ

-សកម្មភាពបន្លំលួចគណនីដូចរៀបរាប់ខាងលើ នឹងបន្តពីគណនីមួយ ទៅគណនីមួយយ៉ាងលឿន។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា ក្រើនរំលឹកដល់អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម ត្រូវប្រុងប្រយ័ត្ន ដោយពុំត្រូវធ្វើការចុចលើតំណភ្ជាប់ ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់ គណនីឲ្យទៅនរណាម្នាក់ (ត្រូវអង្កេតមើលអាសយដ្ឋាន គេហទំព័រ មុនវាយបញ្ចូលលេខសម្ងាត់)៕

To Top