អត្ថបទ

មូលនិធិព្រូដិនស៍ ដាក់ដំណើការ កម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរក បចេ្ចកវិទ្យា ក្នុងការពង្រឹង សមត្ថភាព សង្គ្រោះអាយុជីវិត ទប់ទល់នឹង គ្រោះមហន្តរាយ

ហុងកុង៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍ សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការ កម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ ។

កម្មវិធីពានរង្វាន់នេះ រៀបចំឡើង ដើម្បីស្វែងរក ផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើត ដំណោះស្រាយបច្ចេកវិទ្យា ដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមាន គ្រោះមហន្តរាយធម្មជាតិ។

តាំងពីឆ្នាំ ២០០០ គ្រោះមហន្តរាយពិភពលោក ច្រើនជាង ៤០ ភាគរយ បានកើតឡើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ប្រមាណ ៨ សែននាក់ និងប៉ះពាល់ដល់មនុស្ស ៣.២ ពាន់លាន នាក់ ។ ក្នុងឆ្នាំនេះ ជំងឺរាតត្បាត ជាសកលកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ១១ លាននាក់ ហើយរំពឹងថា នឹងបង្កឱ្យមាន ការខាតបង់ផ្នែកសេដ្ឋកិច្ច ជាង ២,៧ ពាន់ពាន់លានដុល្លារ បានបង្ហាញពីសារៈសំខាន់ នៃការត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការ នៅគ្រប់វិស័យ ក្នុងការកាត់បន្ថយ ការគំរាមកំហែង និងផលប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ។

កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើង ដោយមូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិត នៃបច្ចេកវិទ្យា អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រៀមខ្លួនទប់ទល់ នឹងគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាព បានកាន់តែប្រសើរឡើង។ ពានរង្វាន់នេះ គឺជាផ្នែកមួយនៃកម្មវិធី SAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹង ទូលំទូលាយដែលត្រូវបាន បង្កើតឡើងដោយ មូលនិធិព្រូដិនស៍ និងគាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មាន ស្ដីអំពីការសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះ មហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម។

អង្គការដែលចូលរួម ក្នុងកម្មវិធីនេះ នឹងមានឱកាសឈ្នះរង្វាន់ ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកប្រតិបត្តិការ លើដំណោះស្រាយបច្ចេកវិទ្យា ទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។ អ្នកជាប់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាស ទទួលបាន វគ្គបណ្ដុះបណ្ដាល និងបទពិសោធន៍ ពីអ្នកជំនាញ និងឱកាសបង្កើតទំនាក់ទំនង ជាមួយអ្នកតំណាង អង្គការមនុស្សធម៌ អ្នកគ្រប់គ្រងមូលនិធិ មូលធនបណ្តាក់ទុន សហគ្រិនផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតសហគ្រាសសង្គម។ អ្នកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើបទបង្ហាញ ពីដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការ នាខែមិថុនា ឆ្នាំ ២០២១ ។

គម្រោង EWS 1294 របស់អង្គការ People In Need នៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើស ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍ ពានរង្វាន់កាលពីឆ្នាំមុន ដោយមានការទទួលស្គាល់ លើនាឡិកាវាស់កម្រិតទឹកស្វ័យប្រវត្តិ ដែលដំណើរការដោយ ថាមពលពន្លឺព្រះអាទិត្យ។ នាឡិកាវាស់កម្រិតទឹកទាំងអស់នេះ កំពុងបន្តកត់ត្រាកម្រិតទឹក និងផ្ដល់សារដាស់តឿន ដល់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះ រួចឱ្យមានការប្រុងប្រយ័ត្ន នៅពេលទឹក ឡើងហួសកម្រិតសុវត្ថិភាព។

លោក Donald Kanak នាយក មូលនិធិព្រូដិនស៍ លើកឡើងថា៖ «ជំងឺរាតត្បាតជាសកល កូវីដ 19 ដែលកំពុងកើតឡើង បានបង្កើនការយល់ដឹង អំពីតម្រូវការចាំបាច់ សម្រាប់ការត្រៀមបង្ការ គ្រោះមហន្តរាយ និងឥទ្ធិពលផ្នែកបច្ចេកវិទ្យា ក្នុងការពង្រឹងសមត្ថភាព ការឆ្លើយតប និងការស្តារឡើងវិញ។ យើងបានបង្កើត កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះឡើង ដើម្បីជំរុញទឹកចិត្ត ដល់សហគ្រិននៅទូទាំងពិភពលោក ឱ្យខិតខំប្រឹងប្រែង និងផ្តោតភាពប៉ិនប្រសប់ របស់ពួកគេក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃគ្រោះមហន្តរាយ។ យើងជឿជាក់ថា កម្មវិធីបច្ចេកវិទ្យាទប់ទល់ នឹងគ្រោះមហន្តរាយ (D-Tech) នេះ មានសក្តានុពលដែលអាច ផ្ដល់អត្ថប្រយោជន៍ធំធេង និងមានឥទ្ធិពល ដូចនឹងវិស័យបច្ចេកវិទ្យា ផ្សេងទៀតដូចជា បច្ចេកវិទ្យាការអប់រំ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត ផងដែរ។»

លោក Alexander Metheou នាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់សហព័ន្ធ IFRC បានឲ្យដឹងផងដែរថា៖«ឆ្នាំ២០២០ បានបង្ហាញយើងឱ្យឃើញថា ការពង្រឹងសមត្ថភាព ទប់ទល់ នឹងគ្រោះមហន្តរាយ មានសារៈសំខាន់ ជាងពេលណាៗ ទាំងអស់។ សហព័ន្ធ IFRC រីករាយដែលបានធ្វើការ ជាមួយមូលនិធិព្រូដិនស៍ ម្ដងទៀតលើកម្មវិធីពានរង្វាន់ SAFE STEPS D-Tech ដើម្បីនាំយកអាជីវកម្ម និងសហគមន៍ មករួមគ្នាក្នុងការគាំទ្រ ដល់ដំណោះស្រាយបច្ចេកវិទ្យា ដែលនឹងជួយសង្គ្រោះ អាយុជីវិតមនុស្ស។»

លោកស្រី Pratima Harite នាយកផ្នែកកម្មវិធី ទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌ របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «បច្ចេកវិទ្យា អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើឡើង នូវការពង្រឹងសមត្ថភាព នៅតាមសហគមន៍ ដែលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រុមហ៊ុន Lenovo មានគោលបំណង ដាក់បញ្ចូលគ្នា នូវឥទ្ធិពលនៃដំណោះស្រាយ បច្ចេកវិទ្យាលំដាប់ ពិភពលោក ជាមួយនឹងការច្នៃប្រឌិត និងបទពិសោធ របស់សហគ្រិន ក្នុងស្រុក និងអង្គការសប្បុរសធម៌ ដើម្បីសម្រេចបាន នូវការត្រៀមរៀបចំ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរ»។
កម្មវិធីពានរង្វាន់នេះ ត្រូវបានគាំទ្រដោយដៃគូ យុទ្ធសាស្ត្រជាច្រើនរួមមាន Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee និងកម្មវិធី National Geographic។

ការប្រកួតប្រជែងនេះចាប់ផ្ដើម ទទួលយកពាក្យចូលរួម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរក ប្រាក់ចំណេញ និងអង្គការស្វែងរក ប្រាក់ចំណេញ អាចដាក់ពាក្យ ស្នើរសុំចូលរួមបាន។ ព័ត៌មានលម្អិត អំពីពាក្យសុំ លក្ខណៈវិនិច្ឆ័យ ពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាននៅទីនេះ៕

To Top