ព័ត៌មានអន្តរជាតិ

សេតវិមានអាមេរិក ស្នើសភាអនុម័ត កញ្ចប់ជំនួយសង្គ្រោះ ជំងឺកូវីដ-១៩ ក្នុងចំនួនទឹកប្រាក់ ៩១៦ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក នៅថ្ងៃអង្គារម្សិលមិញនេះ បានស្នើកញ្ចប់ជំនួយសង្គ្រោះថ្មី ដែលមានទឹកប្រាក់ចំនួន ៩១៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជំងឺកូវីដ-១៩ ដល់សភា ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិក ប្រឈមនឹងហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចទ្វេដង ។

រដ្ឋលេខាធិការក្រសួង រតនាគារ សហរដ្ឋអាមេរិកលោក Steven Mnuchin បានថ្លែងនៅល្ងាចថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងសេចក្តីថ្លែង ការណ៍មួយ បន្ទាប់ពីបានបង្ហាញសំណើរ ទៅកាន់ប្រធានសភាប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ថា “សំណើរនេះរួមមានប្រាក់ សម្រាប់រដ្ឋាភិបាល រដ្ឋ និងមូលដ្ឋាន និងការការពារ ទំនួលខុសត្រូវដ៏រឹងមាំ សម្រាប់អាជីវកម្ម សាលារៀន និងសាកលវិទ្យាល័យ” ។

លោក Mnuchin បានលើកឡើងថា លោកក៏បានពិនិត្យមើលសំណើ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំសមាជ គណបក្សសាធារណរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា“ ខ្ញុំទន្ទឹងរង់ចាំទទួលបាននូវកិច្ចព្រមព្រៀងទ្វេភាគី ដូច្នេះយើងអាចផ្តល់ជំនួយសេដ្ឋកិច្ច ដ៏សំខាន់នេះ ដល់កម្មករ ក្រុមគ្រួសារ និងអាជីវកម្មរបស់ជនជាតិអាមេរិក” ។

លោក Mnuchin និងលោកស្រី Pelosi បានចរចាកញ្ចប់ជំនួយសង្គ្រោះថ្មី ជំងឺកូវីដ-១៩ សម្រាប់រយៈពេលជាច្រើនខែ ប៉ុន្តែមិនបានសម្រេចកិច្ចព្រមព្រៀង មុនការបោះឆ្នោតប្រធានាធិបតី អាមេរិកក្នុងខែវិច្ឆិកា ៕
ដោយ ឈូក បូរ៉ា

To Top