ព័ត៌មានជាតិ

ជនពិការ មានសិទ្ធិ ទទួលប័ណ្ណបើកបរ ស្របច្បាប់

ភ្នំពេញ ៖ លោកឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាបានលើក ឡើងថា ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ជនមានពិការភាព មានសិទ្ធិទទួលប័ណ្ណបើកបរ ស្របច្បាប់ដើម្បីប្រើប្រាស់ យានយន្តនៅកម្ពុជាហើយ ។ នេះជាការបង្ហាញសារ របស់លោកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

លោកថា ប្រភេទយានយន្តសម្រាប់ ជនមានពិការភាព រួមមាន ៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនី លើសពី ១១គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរ មិនលើសពី៩នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើស ពី៣,៥តោន ពោលគឺជនមានពិការភាព អាចមានសិទ្ធិប្រើប្រាស់បាន។

បើតាមរដ្ឋលេខាធិការរូបនេះ ផ្នែកសំខាន់ៗនៃ យានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាព សមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។

សុពលភាពប័ណ្ណបើកបរ សម្រាប់ជនមានពិការភាព ជាប្រជាពលរដ្ឋខ្មែរ ឬបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ ។ ចំពោះសុពលភាពប័ណ្ណបើកបរ សម្រាប់ជនមាន ពិការភាពជាជនបរទេសហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជា មានសុពលភាពរយៈពេល ១ឆ្នាំម្ដង ។ នេះជាការបញ្ជាក់របស់លោក ឯម ច័ន្ទមករា ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពុជាបាន ដាក់ចេញផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព ។

រាជរដ្ឋាភិបាលកម្ពុជា តែងបានខិតខំដើម្បីធានាដល់ការ ចូលរួមយ៉ាងសកម្ម របស់ជនមានពិការភាព នៅក្នុងចរន្តនៃសេដ្ឋកិច្ច ។ ក្នុងនោះបានផ្តល់សិទ្ធិ ឲ្យពួកគេទទួលបានឱកាសការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល និង ឯកជន ៕

To Top