ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលរុស្ស៊ី៖ តម្លៃលក់ដុំអតិបរមាវ៉ាក់សាំង ការពារវីរុសកូវីដ គឺថ្លៃ ២៦ ដុល្លារ សម្រាប់ការចាក់ចំនួន ២ ដង

បរទេស៖ ប្រទេសជាច្រើនបានបង្ហាញក្តីសង្ឃឹមក្នុងការទទួលបានវ៉ាក់សាំងរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការរំពឹងទុកកាន់តែខ្ពស់នៅពេលអ្នកស្រាវជ្រាវបានប្រកាសថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V បានកើនលើស ៩៥ភាគរយ នៅក្នុងការសាកល្បងថ្មីៗ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានលើកឡើងថា វ៉ាក់សាំង Sputnik V អាចក្លាយជាការពេញនិយមយ៉ាងខ្លាំង នៅពេលដែលប្រទេសជាច្រើនកំពុងគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង។

នៅក្នុងសុន្ទរកថាមួយនៅឯសម័យប្រជុំពេញអង្គនៃវេទិកានាំចេញអន្តរជាតិដែលផលិតនៅប្រទេសរុស្ស៊ី លោក Mishustin បាននិយាយថា “ តម្រូវការផ្ទុះឡើងខ្លាំង គឺអាចធ្វើបានសម្រាប់ផលិតផលដ៏មានប្រជាប្រិយភាពដូចជាវ៉ាក់សាំងការពារមេរោគ” ។

កាលពីមុន ក្រសួងសុខាភិបាលបានកំណត់តម្លៃលក់ដុំអតិបរមាសម្រាប់វ៉ាក់សាំងគឺ ១.៩៤២ rubles  ឬស្មើនឹង ២៦ ដុល្លារ សម្រាប់ការចាក់ចំនួន ២ ដង ដែលធ្វើឱ្យតម្លៃនេះមិនថ្លៃជាងគូប្រកួតប្រជែងភាគច្រើនរបស់ខ្លួនឡើយ។

សូមជម្រាបថា វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya បានក្លាយជាវ៉ាក់សាំងការពារមេរោគដែលត្រូវបានចុះបញ្ជីដំបូងគេនៅលើពិភពលោកនៅថ្ងៃទី ១១ ខែសីហា។ វ៉ាក់សាំងនេះ នឹងត្រូវបានប្រើសម្រាប់ការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តដែលចាប់ផ្តើមដោយអាជ្ញាធររុស្ស៊ីនៅខែធ្នូ។ បុគ្គលិកជួរមុខដូចជាបុគ្គលិកពេទ្យ បុគ្គលិកផ្នែកសេវាកម្មសង្គម និងគ្រូបង្រៀននឹងផ្តល់អាទិភាពចាក់មុនគេ៕

To Top