ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ ការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគម អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង AIMF តាមរយៈប្រព័ន្ធវីដេអូ ដែលត្រូវបានធ្វើឡើង នៅទីក្រុងទុយនីស ប្រទេសទុយនីស៊ី នាវេលាម៉ោង១១និង៣០យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ម៉ោងជាង១ រំលងអាធ្រាត ចូលថ្ងៃទី១០ធ្នូ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ដោយមានបណ្តាទីក្រុង ចំនួន១៣០ស្មើ និង១៣០ប្រទេសផ្សេងទៀត ដែលប្រើប្រាស់ភាសាបារាំងចូលរួម ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគម អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង AIMFនេះ មានរបៀបវារៈជាច្រើន ដែលមានដូចជា ការធ្វើបច្ចុប្បន្នភាព នៃបញ្ជីសមាជិក ។ ការអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ សមាគម លើកទី៩១ តាមរយៈការបញ្ជូនរូបភាព និងសម្លេងកាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២០។ ការបោះឆ្នោតពានរង្វាន់ ស្ត្រីប្រើប្រាស់ភាសាបារាំង ប្រចាំឆ្នាំ។ សេចក្តីថ្លែងការណ៍ ដោយលោករតនាគារិក ស្តីពីគណនីឆ្នាំ សារពើពន្ធ ដែលកំពុងអនុវត្ត និងសំណើរគម្រោងថវិកា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍ ដោយលោកអគ្គលេខាធិការ និងគម្រោងថ្មីនៃមូលនីធិ សហប្រតិបត្តការ។ ការធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិក ការិយាល័យអចិន្ត្រៃយ៍ រួមទាំងការពិនិត្យ លើសំណើសុំទទួលធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសម្រាប់ឆ្នាំបន្ទាប់ ២០២១ នៅទីក្រុង bordaux ប្រទេសបារាំង ។
គួរបញ្ជាក់ថា កិច្ចប្រជុំការិយាល័យ អចិន្ត្រៃយ៍ លើកទី៩២ របស់សមាគម AIMF ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF៕