វ៉ាស៊ីនតោន៖ លោក Lloyd Austin ដែលត្រូវបានប្រធានាធិបតីអាមេរិក ជាប់ឆ្នោតលោក ចូ បៃដិន ជ្រើសរើសជារដ្ឋមន្រ្តីការពារជាតិ បានសន្យាកាលពីថ្ងៃពុធថា នឹងធ្វើការជាមួយ និងជួយការពារសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកទាំងអស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
អតីតអ្នកចូលនិវត្តន៍រូបនេះបានលើកឡើងថា “ខ្ញុំយល់ពីតួនាទីដ៏សំខាន់នៅក្នុងក្រសួងការពារជាតិនិងតួនាទីដែលវាដើរតួក្នុងការថែរក្សាស្ថេរភាព និងរារាំងការឈ្លានពាន និងការពារ និងគាំទ្រសម្ព័ន្ធភាពសំខាន់ៗ នៅជុំវិញពិភពលោក រួមមាននៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងជុំវិញពិភពលោក” ។
លោក ចូ បៃដិន បានលើកឡើងម្តងហើយម្តងទៀត អំពីភាពចាំបាច់ក្នុងការជួសជុល និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត ជាពិសេសសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន ដូចជាកូរ៉េខាងត្បូង ដែលជាមធ្យោបាយមួយ ដើម្បីស្តារកន្លែង “ត្រឹមត្រូវ” របស់ប្រទេសក្នុងនាមជាមេដឹកនាំនៅលើឆាកពិភពលោក៕
ដោយ ឈូក បូរ៉ា