ព័ត៌មានជាតិ

សមាគមសាសនា ចក្រព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយលើកកម្ពស់លើវិស័យ សុខាភិបាលខេត្តកំពង់ចាម ចំណាយថវិកា ប្រមាណជាកន្លះលានដុល្លារ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ទុកសមិទ្ធផលនានា ដែលចំណាយថវិកាអស់ប្រមាណ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យសុខាភិបាលក្នុងខេត្ត របស់សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Conference ជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ មានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

បើតាមលោកស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមជួយអភិវឌ្ឍ លើវិស័យសុខាភិបាល ក្នុងខេត្តកំពង់ចាមកន្លងមក ក្នុងនោះមាន៦ស្រុក ដូចជា ស្រុកកំពង់សៀម ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកកោះសូទិន ។

លោកប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា ការជួយរបស់សមាគមសាសនាចក្រ មានដូចជា ការបំពាក់សម្ភារៈបរិក្ខាពេទ្យ ជួយជួសជុលអាគារ និងជួយបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យជាដើម ដែលគិតពីចុងឆ្នាំ២០១៩ មកដល់ចុងឆ្នាំ២០២០នេះ សមាគមបានចំណាយថវិកាអស់ប្រមាណជា៥០ ម៉ឺនដុល្លារ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផលនានា ដែលសមាគមសាសនាចក្រ បានចូលរួមអភិវឌ្ឍន៍កន្លងមក ដូចជាការជួសជុលអគារចាស់ និងការកសាងថ្មី រួមនិងការទំនុកបម្រុងផ្នែកសម្ភារៈបរិក្ខាពេទ្យជាដើម ។ ជាពិសេសគឺការកសាងសមិទ្ធផលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដែលសមិទ្ធផលមួយនោះ ចាត់ទុកជាស្នាដៃជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ក្រៅពីការជួយកសាងអាគារ ក៏ដូចជាការទំនុបបំរុងផ្នែកបរិក្ខាពេទ្យ ខាងសាសនាចក្រ បានជួយបណ្ដុះបណ្ដាលឲ្យក្រុមគ្រូពេទ្យ ចេះប្រើលើឧបករណ៍ជំនាញទំនើបៗ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋផ្នែកសុខាភិបាលនេះ ។

ជាមួយគ្នានោះដែរក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បានសម្ដែងមោទនភាព ចំពោះកិច្ចសហការដ៏ល្អ នៃសមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយលើកកម្ពស់លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម នាពេលកន្លងមក ដើម្បីប្រយោជន៍ សុខមាលភាពរបស់ប្រជាពលរដ្ឋ ។

To Top