ម៉ូស្គូ៖ យោងតាមក្រសួងការពារជាតិរុស្ស៊ីបាន ឲ្យដឹង ថាការធ្វើសមយុទ្ធកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងលោកប្រធានាធិបតីវ្លាឌីមៀពូទីន។
តឆមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ការធ្វើសមយុទ្ធនេះរួមមានការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ក៏ដូចជាយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ ដែលបាញ់មីស៊ីលនៅគោលដៅសាកល្បង។
ការធ្វើសមយុទ្ធនេះពាក់ព័ន្ធនឹងមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលត្រូវបានបាញ់ចេញពី Plesetsk cosmodrome នៅភាគខាងជើងតំបន់អាខាងឃឺល របស់រុស្ស៊ី និងកាំជ្រួចមីស៊ីលផ្លោង ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ នៅសមុទ្របារ៉េន។
នៅក្នុងសមយុទ្ធនេះដែរ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-160 និង Tu-95MS បានបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់។
សេចក្តីរាយការណ៍បានបន្ថែមថា សមាសធាតុដែលមានមូលដ្ឋាននៅលើគោក និងលើអាកាសនៃកម្លាំងនុយក្លេអ៊ែរជា យុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី បានចូលរួមនៅក្នុងសមយុទ្ធនេះ៕
ដោយ ឈូក បូរ៉ា