ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី សាធារណរដ្ឋកុងហ្គោ ត្រៀមរំលាយសភា និងអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មី

យូអិន៖ អ្នកនាំពាក្យ របស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោស ចំពោះឧប្បត្តិហេតុហិង្សា នៅ Kinshasa ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចំពេលមានវិបត្តិនយោបាយកំពុងវិវត្ត។

អំពើហឹង្សានេះបានកើតឡើង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈដែលសម្ព័ន្ធភាពកាន់អំណាចនៅក្នុង DRC បានបែកបាក់គ្នា។ ប្រធានាធិបតី លោក Felix Tshisekedi បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ប្រសិនបើមិនមានសម្ព័ន្ធភាពថ្មីនោះទេ នោះលោកនឹងរំលាយសភា ហើយអំពាវនាវ ឱ្យមានការបោះឆ្នោតថ្មី។

អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខយូអិនលោក Guterres បានអំពាវនាវដល់តួអង្គនយោបាយទាំងអស់នៅ DRC ឲ្យដោះស្រាយភាពខុសគ្នារបស់ពួកគេ ដោយសន្តិវិធីតាមរយៈការសន្ទនាគ្នា ស្របតាមរដ្ឋធម្មនុញ្ញ និងផលប្រយោជន៍របស់ប្រជាជនកុងហ្គោ។

លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់រដ្ឋាភិបាល DRC និងប្រជាជន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកសាងស្ថាប័ន ដែលមានស្ថេរភាព និងមុខងារដើម្បីដោះស្រាយបញ្ហាសន្តិសុខ សុខភាព និងសេដ្ឋកិច្ចសង្គម ដែលប្រទេសនេះកំពុងប្រឈម៕

ដោយ ឈូក បូរ៉ា

To Top