ប៉េកាំង៖ អ្នកនាំពាក្យ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ របស់ប្រទេសចិន កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្ម ដែលបានប្រកាស ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លើក្រុមសមាជិកសភាជាន់ខ្ពស់របស់ចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន (NPC) បានពណ៌នាអំពីចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ កិច្ចការហុងកុងជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដែលគួរឱ្យស្អប់ខ្ពើមបំផុត។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា “នេះគឺជាករណីធម្មតា នៃការសម្លុតធ្វើនយោបាយ និងបទដ្ឋានទ្វេដង យើងសូមថ្កោលទោស និងប្រឆាំងដាច់ខាត” ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មទៅវិញទៅមក លើបុគ្គលអាមេរិកមួយចំនួន ដែលបានបង្កើតឡើង និងជំរុញបញ្ហានានា ដែលទាក់ទងនឹងបញ្ហាក្រុងហុងកុង បានជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន៕ ដោយ៖ ឈូក បូរ៉ា