ព័ត៌មានជាតិ

គ.ជ.ប អនុញ្ញាតឲ្យ អង្គការខុមហ្វ្រែល ធ្វើសវនកម្ម លើបញ្ជីបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ ៖ តាមសំណើរបស់អង្គការខុមហ្វ្រែល (COMFREL) កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានសម្រេចអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឆ្នាំមុន អង្គការខុមហ្វ្រែល (COMFREL) បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ ២០១៩ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧% ដោយបានរកឃើញឈ្មោះស្ទួន តែ ៤៤ ឈ្មោះប៉ុណ្ណោះ ។

គ.ជ.ប បន្ដថា ចំពោះការធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នេះ អង្គការខុមហ្វ្រែល (COMFREL) នឹងចាប់ផ្តើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។គ.ជ.ប តែងតែសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយនេះ គឺជាការបើក ទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

ជាមួយគ្នានេះផងដែរ គ.ជ.ប បានស្នើសុំឲ្យតំណាងអង្គការខុមហ្វ្រែល (COMFREL) និង មន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្ត វិធានការនានាស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕

To Top