ព័ត៌មានជាតិ

អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ អះអាងថា មានជនអនាមិក បង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត នាយឧត្តមសេនីយ៍ នេត សាវឿន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនង ទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិត ធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាព ចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យ ដែលមានប្រើរូបថត និងឈ្មោះ លោក នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗពាក់ព័ន្ធ ដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។

លោកបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ៕

To Top