ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២០ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។
ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន ប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួម សហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុង សមុទ្រធម្មជាតិវិញ។
ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារ អភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើ អាជីវកម្មផ្សេងៗជាដើម៕