ព័ត៌មានជាតិ

២២២ថ្ងៃ នៃយុទ្ធនាការ ដោះស្រាយ កកស្ទះសំណុំរឿង តាមសាលាដំបូងរាជធានី-ខេត្ត សម្រេចជាង៣៥ ១០០ករណី

ភ្នំពេញ ៖ ក្នុងរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធ នាការដោះស្រាយការកកស្ទះ សំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្តបានដោះស្រាយសំណុំ រឿងព្រហ្មទណ្ឌជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩%។

យោងតាមសេចក្ក្ដី ប្រកាសព័ត៌មានរបស់ក្រសួង យុត្តិធម៌កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលរយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។

ក្រសួងបន្ដថា «ជាលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បាន ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរនិងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកក ស្ទះ(សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុង ដំណាក់កាលជំនុំជម្រះ)»។

បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ចូលថ្មី ចំនួនជាង ៣៦៥០០សំណុំរឿង ស្មើនឹង ៧៣% នៃសំណុំរឿងចូលថ្មីសរុប។

ជាមួយនឹងលទ្ធផលនេះក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន១០ បន្ថែម ទៀត រួមមាន ៖ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុប ចំនួន ១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន ២៤ បានប្រកាសបញ្ចប់ដោយ ជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួនដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ បានយ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មី យ៉ាងតិច៧០%។

តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងត្រូវប្រើ រយៈពេល ១ឆ្នាំដោយចាប់ផ្តើមគិតពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១។

ផ្អែកលើលទ្ធផល ដែលសម្រេចបាន រយៈពេល ២២២ថ្ងៃនេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី ខេត្ត និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ គ.យ.ក.ស. មានក្ដីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស នឹងអនុវត្ត យុទ្ធនាការសម្រេចបានលទ្ធផលជោគជ័យ ដោយធ្វើការដោះស្រាយ សំណុំរឿងកកស្ទះទាំងអស់ ហើយឈានទៅដល់ការ ប្រកាសបិទបញ្ចប់នៃការអនុវត្តយុទ្ធនាការ តាមផែនការ ដែលបានគ្រោងទុក៕

To Top