ព័ត៌មានជាតិ

ថ្ងៃនេះ ខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែននិង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប៤៥ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២១) នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរៀបចំដោយខ្មែរក្រហម។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា «ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)»។

ជាមួយគ្នានេះសម្ដេចក៏បានរំលឹកពីភាពជូចត់ផងដែរថា «ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយាបាន ឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូ ផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នា ក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវ មិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវ ដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់ ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់»។

សម្ដេចបន្ថែមថា ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រាន មានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធ ដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះ យើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំ ជានិច្ចចំពោះជីវិតតស៊ូ ដ៏លំបាកបំផុត របស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។

ជាមួយគ្នានេះ សម្ដេចនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ ៕

To Top