ព័ត៌មានជាតិ

អូស្រ្តាលី បង្កើនការផ្តល់មូលនិធិ ដល់ការបោសសំអាតមីន នៅកម្ពុជា

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសំអាតមីន ឯកអគ្គរាជទូតរងស្តីទី នៃស្ថានទូតអូស្រ្តាលី លោក David Bloch មានសេចក្តីរីករាយ ដោយប្រកាសនូវការចូល រួមចំណែករបស់រដ្ឋាភិបាល អូស្រ្តាលី ក្នុងផ្តល់មូលនិធិបន្ថែម ចំនួនមួយលានដុល្លារអូស្រ្តាលី នៅឆ្នាំ២០២១ ដើម្បីជួយបន្ថែមទៀត នូវកិច្ចប្រឹងប្រែងបោសសំអាតមីន របស់កម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជាបានឲ្យដឹងថា មូលនិធិនេះនឹងជួយបង្កើន នូវផ្ទៃដីដែលបោសសំអាតមីន រួចនិងជួយជីវិត ប្រជាជនកម្ពុជា ឲ្យមានសុវត្ថិភាពនិងរំដោះដី សម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម ដើម្បីជួយស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាដែលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ។ យើងសូមអបអរដៃគូ របស់យើង រួមមាន អាជ្ញាធរសកម្មភាពបោសសំអាតមីន អង្គការ UNDP Cambodia KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេស New Zealand ក្នុងការបន្តវឌ្ឍនភាព ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រាប់មីន ។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្រ្តាលីបានផ្តល់មូលនិធិ ជាង១០០លានដុល្លារអូស្រ្តាលី ដល់សកម្មភាពដោះមីននៅកម្ពុជា ៕

To Top