ព័ត៌មានជាតិ

លោក កឹម សុខា ៖ ទោះបីមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ក៏ខ្ញុំតែងតែមានមនោសញ្ចេតនា ចង់ចូលរួមបម្រើប្រទេសជាតិ

ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតបក្សប្រឆាំង បានលើកឡើងថា ទោះបីជាលោកកំពុងជាប់បម្រាម ធ្វើសកម្មភាពនយោបាយ និងមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ប៉ុន្តែលោកតែងតែមានមនោសញ្ចេតនា នឹករលឹកខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាពដែលអាចធ្វើបាន។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១លោក កឹម សុខា បានបញ្ជាក់ថា “ទោះបីខ្ញុំ មិនទាន់មានសិទ្ធិសេរីភាពពេញលេញ ជាពិសេសការជាប់បម្រាម មិនអាចធ្វើសកម្មភាពន យោបាយបានក៏ដោយ ក៏ខ្ញុំតែងតែមានមនោសញ្ចេតនា នឹករលឹក ខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន”។

លោក កឹម សុខា បន្ថែមថា” ក្នុងសប្តាហ៍នេះ ខ្ញុំធ្វើដំណើរមកសួរសុខទុក្ខ និងនាំយកនូវជំនួយមនុស្សធម៌មួយចំនួន មកជូនពលករខ្មែរ ដែលវិលត្រឡប់មកពីធ្វើការ នៅប្រទេសថៃ ហើយបាន និងកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលក្នុងខេត្តខ្លះ ដែលជាប់នឹងប្រទេសថៃ។
សម្រាប់រសៀលថ្ងៃពុធនេះ ខ្ញុំ និងសហការីបានយកជំនួយមនុស្សធម៌ ជាថវិកាចំនួនដប់លានរៀល (១០ ០០០ ០០០៛) ដែលបានមកពីសប្បុរសជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងសម្ភារៈការពារមេរោគឆ្លង មានម៉ាស់ និងសាប៊ូលាងសម្អាតកម្ចាត់មេរោគមួយចំនួន ដែលបានមកពីសប្បុរសជនខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងក្នុងប្រទេសកម្ពុជា ទៅជូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន។

លោក កឹម សុខា សូមអរគុណសប្បុរសជន ដែលបានផ្តល់ជំនួយមនុស្សធម៌ និងសូមលើកទឹកចឹត្តសមត្ថកិច្ច ដែលបានថែរក្សាការពារសុខភាព ជូនប្រជាពលរដ្ឋ ព្រមទាំងសូមជូនពរបងប្អូនជនរួមជាតិ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩៕

To Top