រ៉ង់ហ្គូន៖ ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ យោធា កាលពីសប្តាហ៍មុន បានបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃទី៥ នៅថ្ងៃពុធនេះ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត បានថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករនៅថ្ងៃមុននេះ។
នៅពេលក្រុមអ្នកតវ៉ាប្រឆាំង នឹងការហាមឃាត់ការជួបជុំទ្រង់ទ្រាយធំ ហើយចំនួនរបស់ពួកគេបានកើនឡើង ដល់រាប់សែននាក់នៅថ្ងៃអង្គារ ម្សិលមិញនេះ ប៉ូលីសបានបាញ់ព្រមាន និងគ្រាប់កាំភ្លើងកៅស៊ូ ហើយអ្នករងរបួសមួយចំនួនត្រូវបានគេរាយការណ៍ថា រាប់បញ្ចូលទាំងស្ត្រីវ័យក្មេងម្នាក់ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវ បានបាញ់ចំក្បាល។
ការធ្វើបាតុកម្មបានបន្តនៅថ្ងៃពុធនេះ រួមមានទាំងទីក្រុងធំបំផុត នៅរ៉ង់ហ្គូន និងរដ្ឋធានីណៃពិដោ។អាជ្ញាធរនៅយប់ថ្ងៃអង្គារម្សិលមិញនេះ បានឆែកឆេរ ទីស្នាក់ការកណ្តាល គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគណបក្ស របស់លោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី០១ ខែកុម្ភៈ។
ដោយលោកស្រីស៊ូជី និងមន្ត្រីជាន់ខ្ពស់ គណបក្សផ្សេងទៀត ត្រូវបានគេឃុំឃាំង ហើយ ការិយាល័យគណបក្ស NLD ផ្សេងទៀត បានស្រាវជ្រាវរួចហើយមានការ ភ័យខ្លាចកាន់តែខ្លាំងឡើង ដែលថាយោធាអាច នឹងព្យាយាម រំលាយគណបក្សនេះចោល ។
អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Ned Price បានឲ្យដឹងកាលពីថ្ងៃអង្គារថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករ” ។ អ្នកនាំពាក្យរូបនេះបានបន្ដថា“ បុគ្គលទាំងអស់នៅក្នុងប្រទេសភូមា មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សមាគមការជួបជុំដោយសន្តិវិធី រួមទាំងគោលបំណង នៃការតវ៉ាដោយសន្តិវិធី” ។
រដ្ឋាភិបាលអាមេរិក អំពាវនាវឱ្យយោធា លះបង់អំណាចដោះលែងអ្នក ដែលត្រូវបានគេឃុំឃាំងនិងជៀសវាង ពីអំពើហឹង្សា ។ នេះបើតាមសម្តីរបស់លោក Price ដោយបានលើកឡើងថា រដ្ឋាភិបាលអាចនឹងដាក់ចេញ នូវគោលនយោបាយថ្មី ស្តីពីប្រទេសនេះនៅក្នុងថ្ងៃខាងមុខ៕
ដោយ ឈូក បូរ៉ា