ព័ត៌មានអន្តរជាតិ

អាមេរិកស្វះស្វែងវិលត្រឡប់ ទៅអង្គភាពសិទ្ធិមនុស្ស យូអិន 

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នឹងស្វះស្វែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចុងឆ្នាំនេះ ហើយនេះបង្ហាញឲ្យឃើញនូវការចូល ពាក់ព័ន្ធអន្តរជាតិវិញដ៏ថ្មីបំផុតរបស់រដ្ឋបាលលោក បៃដិន។

Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joseph Biden នឹងធ្វើការងារដើម្បីលុបបំបាត់នូវអ្វី ដែលលោកហៅថា ជាការផ្តោតមិនសមស្របរបស់វេទិកាទីក្រុងហ្សឺណែវ លើអ៊ីស្រាអែលជាសម្ពន្ធមិត្តអាមេរិក។
គួរបញ្ជាក់ថា ក្រោមការដឹកនាំអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានបោះបង់ចោលក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែរដ្ឋាភិបាលលោក បៃដិន បានវិលត្រឡប់វិញ ក្នុងនាមជាអ្នកអង្កេតការណ៍នៅដើមខែនេះ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Blinken  បាននិយាយថា “ខ្ញុំរីករាយដើម្បីប្រកាសថា សហរដ្ឋអាមេរិក នឹងស្វះស្វែងឲ្យមានការបោះឆ្នោតដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិឆ្នាំ២០២២-២៤។ យើងស្នើសុំឲ្យមានការគាំទ្រពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ក្នុងបំណងរបស់យើងវិលត្រឡប់មកកាន់អាសនៈមួយ នៅក្នុងអង្គភាពនេះ”៕ប្រែសម្រួល៖ប៉ាង កុង

To Top