ភ្នំពេញ៖ នៅចំពោះមុខនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានស្នើទៅកាន់រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ឈ្មោះ ស៊ីណូហ្វាម បន្ថែមទៀត ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណាមួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។
តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន៦០ម៉ឺនដូលបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក សយ សុភាព នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងអរគុណរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដោយមិនត្រឹមតែមានវិធានការទប់ស្កាត់ទេ តែថែមទាំងបាននាំមកនូវវ៉ាក់សាំងសម្រាប់ចាក់ ការពារប្រឆាំងជំងឺកូវីដ១៩ ដ៏កាចសាហាវថែមទៀត។
ជាមូយគ្នានេះ លោក សយ សុភាព ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន សហរដ្ឋអាមេរិកនិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ ។
លោក សយ សុភាព សង្កត់ធ្ងន់ថា «ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ខ្ញុំសុំ អំពាវនាវដល់មិត្តចិន បើសិនជាអាចសុំមហាមិត្តពិចារណាផ្តល់វ៉ាក់សាំងដោយជំនួយ ឬលក់ក្នុងតម្លៃ ពិសេសសម្រាប់កម្ពុជា ប្រជាជនកម្ពុជាបានច្រើនកាលណាល្អកាលនោះ ព្រោះយើងទាំងពីរជាមិត្តយុទ្ធសាស្ត្រ និងដែកថែបតាំងពីរជ្ជកាលសម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ។ ពិសេសសម្តេចតេជោ ហ៊ុន សែនដែលបានគាំទ្រយ៉ាងពេញទំហឹងនូវនយោបាយប្រ៊ីរបស់ចិន ហើយកម្ពុជាក៏ជាសមាជិកស្ថាបនិកថៀមទៀតផង»។
សូមបញ្ជាក់ថា នៅព្រឹកនេះ លោក សយ សុភាព បានមកទទួលវ៉ាក់សាំងកូវីដ១៩ជាលើកទី២រួចរាល់ហើយ៕