បាដាដ: ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា គណៈកម្មាធិការសិទ្ធិមនុស្ស ឯករាជ្យអ៊ីរ៉ាក់ ឬហៅកាត់ថា IHCHR នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញបានបង្ហាញតួលេខ នៃបាតុករដែលបានបាត់បង់ជីវិតសរុបចំនួន៣១នាក់ និងច្រើនជាង ១០០០ នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលត្រឹមតែ៣ថ្ងៃ នៃការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីបាដាដ និងខេត្តភាគខាងត្បូង។
សេចក្តីថ្លែងការណ៍របស់ IHCHR បានបន្តទៀតថាក្រុមការងារ របស់គណៈកម្មការ បានចាប់ផ្តើមធ្វើការចុះឈ្មោះ ក្នុងកំឡុងពេលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា នៃការប្រើប្រាស់កម្លាំង ហួសប្រមាណដោយកងកម្លាំង សន្តិសុខ ដែលបណ្តាលឱ្យក្រុម អ្នកតវ៉ា២៥ នាក់ត្រូវបានសម្លាប់នៅខេត្តឌីហារ ចំនួន៤នាក់ នៅខេត្តណាចាហ្វ និង២ នាក់ទៀតនៅ រដ្ឋធានីននៃប្រទេសអ៊ីរ៉ាក់។
IHCHR ក៏បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ និងរបួស យ៉ាងច្រើន ក្នុងចំណោមបាតុករ និងកងកំលាំងសន្តិសុខ ក្នុងអំឡុងពេលបីថ្ងៃ ដោយសារអំពើហឹង្សា និងការប្រើប្រាស់អាវុធ ក៏ដូចជាការដុតបំផ្លាញទ្រព្យសម្បត្តិ សាធារណៈនិងឯកជនជាច្រើន រួមមានស្ថានកុងស៊ុលអ៊ីរ៉ង់ផង៕
ប្រែសម្រួល:ស៊ុនលី