បរទេស ៖ គេហទំព័រព័ត៌មានរបស់អ៊ីរ៉ង់មួយ បានចេញសេចក្តី រាយការណ៍មួយ នៅថ្ងៃចន្ទនេះថា អាជ្ញាធរ របស់ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចាប់ខ្លួនចារកម្ម របស់អ៊ីស្រាអែលមួយរូប ប៉ុន្តែមិនបានបញ្ជាក់ ពីសញ្ជាតិរបស់បុគ្គលនោះទេ ។
គេហទំព័រព័ត៌មាន Young Journalists Club បានដកស្រង់សម្តីមន្ត្រីក្រសួង ចារកម្មមួយរូប យ៉ាងដូច្នេះថា “ចារកម្មអ៊ីស្រាអែលមួយរូប ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត East Azerbaijan ប្រទេសអ៊ីរ៉ង់ ហើយចារកម្មផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធ នឹងទីភ្នាក់ងារចារកម្ម របស់ប្រទេសមួយចំនួន ក៏ត្រូវបានចាប់ខ្លួនដែរ” ។
សាធារណរដ្ឋឥស្លាម បានបដិសេធមិនទទួលស្គាល់ប្រទេស អ៊ីស្រាអែល និងបានចោទប្រទេសនេះ ពីបទនៅពីក្រោយសកម្មភាព បំផ្លិចបំផ្លាញនានា និងការធ្វើឃាត អ្នកវិទ្យាសាស្ត្រនានា ដែលពាក់ព័ន្ធក្នុងកម្មវិធី នុយក្លេអ៊ែរបស់អ៊ីរ៉ង់ ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់មួយរូប ដែលជាប់ទោសពីបទស៊ើបការណ៍ សម្ងាត់ឲ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក និងអ៊ីស្រាអែល ត្រូវបានគេប្រហារជីវិត នៅក្នុងឆ្នាំ២០២០ ៕
ប្រែសម្រួល៖ប៉ាង កុង