កំពង់ចាម ៖ ថេបប្លេត ១៤០គ្រឿង អំណោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ បានផ្ដល់ជូនមន្ត្រីសុខាភិបាលចំនួន ៤ ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីត-១៩។
ក្នុងនោះខេត្តកំពង់ចាមទទួលបាន ៨០គ្រឿង , ខេត្តត្បូងឃ្មុំទទួលបាន ២៦ គ្រឿង , ខេត្តក្រចេះ ២៤ គ្រឿង នៅខេត្តមណ្ឌលគិរីទទួលបាន ១០ គ្រឿង ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ បុគ្គលិកវិស័យសុខាភិបាលជួរមុខនៅទូទាំងប្រទេស ដែលបច្ចុប្បន្នកំពុងតែមមាញឹកនៅក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
លោកស្រីក៏បានសម្ដែងការអរគុណដល់ លោក-លោកស្រី ដែលជាអភិបាល នៅគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ដែលបានខិតខំទាំងថ្ងៃទាំងយប់ រួមគ្នាដើម្បីចាត់ចែងដោះស្រាយ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមដែនសមត្ថកិច្ចរៀងរាងខ្លួន បានយ៉ាងល្អប្រសើរ។
លោកស្រីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ធ្វើឲ្យសរីរាង្គរបស់យើងមានកងការពារគ្រប់គ្រាន់ សម្រាប់វាយបកទៅវិញនៅពេលដែលជំងឺកូវីដ-១៩ ចូលមកយាយី លើសារីរាង្គរបស់យើង នឹងមិនធ្វើឲ្យសារីរាង្គរបស់យើងមានជំងឺធ្ងន់ធ្ងរ កាត់បន្ថយបានការចូលទៅមន្ទីរពេទ្យ នឹងកាត់បន្ថយបានអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ៕