បរទេស ៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា នាវាអ៊ីរ៉ង់ Saviz មួយគ្រឿង បានរងការវាយប្រហារ នៅសមុទ្រក្រហម ក្រោយមួយថ្ងៃ បន្ទាប់ពីមានសេចក្តី រាយការណ៍ថា នាវានោះរងការវាយប្រហារ ដោយគ្រាប់មីន ។
មន្ត្រីនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ដូច្នេះថា “ការវាយប្រហារនោះ បានកើតឡើងនៅព្រឹកថ្ងៃអង្គារ ជិតតំបន់ឆ្នេរ នៃប្រទេសជីបូទី និងបង្កឲ្យមានការខូចខាតតិចតួច និងមិនមានអ្នករងគ្រោះនោះទេ ។ នាវានោះ គឺជានាវាស៊ីវិលប្រចាំការនៅទីនោះ ដើម្បីរក្សាសន្តិសុខ តំបន់ប្រឆំាងចោរសមុទ្រ” ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នំា២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់រូបនោះ បានប្រសាសន៍បន្ថែមឲ្យដឹងទៀតថា “បញ្ហានោះកំពុងតែស្ថិត នៅក្រោមការស៊ើបអង្កេត” ។
គួរបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងការវាយប្រហារ ជាបន្តបន្ទាប់ លើនាវាជារបស់អ៊ីស្រាអែល ឬក៏អ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈមក ដែលភាគីទាំងពីរ បានចោទដាក់គ្នាទៅវិញទៅមក ឲ្យទទួលខុសត្រូវ ចំពោះហេតុការណ៍ទាំងនោះ៕
ប្រែសម្រួល៖ប៉ាង កុង