ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងប្រឈមមុខខ្លាំង ​ទាំងវិបត្ដិជំងឺ រាតត្បាត និងទណ្ឌកម្ម ពីអាមេរិក

តេអេរ៉ង់៖ ករណីឆ្លងជំងឺកូវីដ១៩ របស់អ៊ីរ៉ង់ បានកើនឡើងលើសពី ២ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ដោយមានកំណត់ត្រាថ្មី នៃការឆ្លងប្រចាំថ្ងៃចំនួនជាង ២២,០០០ ករណីក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទោះបីជាមានករណីកើនឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ទីក្រុងវ៉ាស៊ីនតោន បានបន្តបន្ថែមសម្ពាធ អតិបរិមារបស់ខ្លួនប្រឆាំង នឹងទីក្រុងតេអេរ៉ង់ ដែលត្រូវបានអូសទាញដោយបញ្ហាប្រឈម ពីរនៃការផ្ទុះឡើងនៃវីរុសនេះ និងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ។

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានរារាំងអ៊ីរ៉ង់ ពីការចូលប្រើវ៉ាក់សាំង COVID-19 ចំនួន ១០ លានដូសដោយការដាក់ សម្ពាធទៅលើអ្នកផ្គត់ផ្គង់ពាក់ព័ន្ធ។

លោកប្រធានាធិបតីបានអះអាងថា “សហរដ្ឋអាមេរិក បានដាក់សម្ពាធលើក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្នែកវ៉ាក់សាំង ពីបរទេស ហើយបានរារាំងវ៉ាក់សាំងចំនួន ១០ លានដូស ដែលយើងត្រូវបានគេសន្មត់ថា នាំចូលទៅក្នុងប្រទេស” ។

លោករ៉ូហានី បានបន្ដថាក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩- រដ្ឋាភិបាលអាមេរិក “បានបះបោរ” និងគ្មានច្បាប់ទម្លាប់ “បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការទិញថ្នាំ និងវ៉ាក់សាំងចាំបាច់សម្រាប់ពលរដ្ឋរបស់ខ្លួន។

កាលពីខែមុនលោកប្រធានាធិបតី បានលើកឡើងថា ទណ្ឌកម្មអមនុស្សធម៌ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បានកំណត់គោលដៅជីវិត និងសុខភាពប្រជាជនរបស់អ៊ីរ៉ង់។

គួរបញ្ជាក់ផងដែរថា ជា ពិសេសការ ដាក់ទណ្ឌកម្ម បានកំណត់ការចូលប្រើប្រាក់បំរុង ជារូបិយប័ណ្ណបរទេស របស់ប្រទេសនេះដើម្បីទិញគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រ និងវត្ថុធាតុដើម ដែលត្រូវការ សម្រាប់ផលិត និងការផ្គត់ផ្គង់ក្នុងស្រុក ៕
ដោយ ឈូក បូរ៉ា

To Top