ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ពិសេសត្រូវមើល ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តបិទខ្ទប់ក្នុងភូមិដ្ឋាន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ គឺមិនត្រូវឲ្យមានការដើររហេតរហូតនោះទេ ។
លោក ឃួង ស្រេងថ្លែងថា កុំឲ្យពលរដ្ឋដើររហេតរហូត ហួសពីការកំណត់របស់រដ្ឋបាលរាជធានី ។ ការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាឲ្យច្បាស់ ជាមួយនិងការថតរូបទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយ ត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញ ទៅទិញបន្លែបង្ការត្រីសាច់ ។
លោកអភិបាល លើកឡើងថា កម្លាំងដែលអនុវត្តរាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការ នាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយ ត្រូវតែអនុវត្ត្យបានល្អប្រសើរ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ។ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២ ។
ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនិងខណ្ឌសែនសុខ មានភូមិទ្រុងមាន់សង្កាត់អូបែកក្អម ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ៕