នយោបាយ

ទូតអាមេរិក ចាត់ទុកការចោទប្រកាន់កម្ពុជា ឲ្យចិនដាក់ មូលដ្ឋានយោធាជារឿងមិនពិត

ភ្នំពេញ៖ ចេញមុខ ប្រតិកម្ម ជុំវិញការផ្សព្វផ្សាយនាពេលកន្លងមកថា កម្ពុជាបានអនុញ្ញាតឲ្យ មានមូលដ្ឋានយោធាចិន នៅលើទឹកដីខ្លួន លោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចាត់ទុកព័ត៌មាននេះគឺមិនពិតនោះទេ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា “ប្រទេសចិនបាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ជា សម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ព របស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា “។

ជុំវិញការចុះផ្សាយ នូវព័ត៌មាននោះផងដែរ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានប្រតិកម្មតបទៅវិញថា « នេះ ជា ព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយ កម្ពុជា ។គ្មានរឿងបែបនេះ កើតឡើង នោះ ទេ ព្រោះ មូលដ្ឋានយោធា បរទេស វា បានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា » ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy)បានលើកឡើង នូវព័ត៌មានកន្លងមក ដែលបានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យ មានមូលដ្ឋានយោធាចិន នៅលើទឹកដី របស់ខ្លួន ហើយដែលបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការបដិសេធជាច្រើនដង រួចមកហើយដែរ ក្នុងនោះថែមទាំងបានអនុញ្ញាតឲ្យ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនស្ថាប័ន ចុះទៅពិនិត្យដល់កន្លែងដែល មានការសង្ស័យទៀតផង។

លោកឯកអគ្គរដ្ឋទូត បានចាត់ទុកការផ្សាយពត៌មាននេះ គឺជាការមិនពិត ហើយដែលចង់ធ្វើឲ្យបាត់បង់ ស្ថេរភាពតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបញ្ជាក់ច្បាស់ជាថ្មី ម្តងទៀត នូវរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនមានមាត្រាណាមួយ អនុញ្ញាតឲ្យមានមូលដ្ឋានយោធា បរទេសនៅលើទឹកដី របស់កម្ពុជានោះទេ ហើយក៏មិនអនុញ្ញាឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសនោះដែរ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសន្ទនា កាលពីពេលថ្មីៗនេះរវាង លោក ផាទ្រីក ម៊ួរហ្វី ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតសំខាន់ លើការបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ ជាពិសេសសារលិខិត របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ដែលបានបញ្ជាក់ច្បាស់ ពីគោលនយោបាយ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងពីការបន្តសហការល្អ ជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ក៏ដូចជាកិច្ចសហការ បន្តរុករកអដ្ឋិធាតុទាហាន អាមេរិកដែលបាត់ខ្លួននៅកម្ពុជា ។

នាយឧត្តមសេនីយ ក៏បានសំណូមពរ ដល់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក្នុងការជួយបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះការពង្រឹង កិច្ចប្រតិបត្តិការ នៃកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញ បេសកកម្ម ការងារមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាកិច្ចឆ្លើយតប លោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) បានយល់ស្របនូវ ការលើកឡើងរបស់ នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការ ក្នុងការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរ។ ដោយឡែកលើវិស័យយោធា សហរដ្ឋអាមេរិក បានគាំទ្រដល់ការជួយបណ្តុះបណ្តាល កងកម្លាំងមួកខៀវកម្ពុជា រួមនឹងកិច្ចសហប្រតិបត្តិការ ជាច្រើនទៀតនៃ វិស័យយោធានាពេលខាងមុខ ៕

ដោយ បាន ធារ៉ូ

To Top