ព័ត៌មានជាតិ

ប្រធានគណបក្ស យុវជនកម្ពុជា អំពាវនាវ​ ឱ្យប្រជាពលរដ្ឋ កុំស្លន់ស្លោ រត់ទៅប្រជ្រៀតគ្នា នៅផ្សារលក់ម្ហូប

ភ្នំពេញ៖ ក្រោយសង្កេតឃើញ នៅក្នុងទីក្រុងភ្នំពេញ នារសៀលទី១៤ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការជ្រួលច្របល់ ពីសំណាក់ប្រជាពលរដ្ឋ ស្លន់ស្លោរ នាំគ្នាសំរុកទិញទំនិញត្រៀម បំរុងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ កុំស្លន់ស្លោ រត់ទៅប្រជ្រៀតគ្នានៅ ផ្សារលក់ម្ហូប ។

លោក ពេជ្រ ស្រស់ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ មេសា នេះ ថា «សូមបងប្អូនកុំស្លន់ស្លោ រត់ទៅប្រជ្រៀតគ្នានៅ ផ្សារលក់ម្ហូបអី ពីព្រោះថាអ្នកខ្លាចគ្មានអាហារ ហូបគឺវាមិនមែន ជាបញ្ហាធ្ងន់ធ្ងរ ដូចអ្នកគ្មានជីវិត ដើម្បីទទួលទាន អាហារនោះឡើយ»។

លោកសង្កត់ធ្ងន់ថា «អ្នកអាច ខ្វះអាហារ ហូបមួយរយៈពេលខ្លី ក៏ប្រសើរជាង អ្នកគ្មានជីវិតទទួលទាន អាហាររហូតដែរ ដូច្នេះ បងប្អូនជនរួមជាតិត្រូវតាំង ស្មារតីយកឈ្នះជំងឺ COVID-19នេះ ឲ្យបានជាដាច់ខាត តាមរយៈ អនុវត្តតាមការណែនាំ នៃក្រសួងសុខាភិបាល កិច្ចការដ៏ធំបំផុត របស់បងប្អូននៅពេលនេះ គឺ ប្រយុទ្ធប្រឆាំង ជាមួយជំងឺ COVID-19ដោយ ត្រូវមើលថែខ្លួនឯង ប្រយត្ន័ខ្លួនឯង ទើបខ្លួន រួចផុតពីជ្រោះ មច្ចុរាជ និងខ្លួនបានសុខ»។

ឆ្លៀតក្នុងឱកាសនេះ លោក ពេជ្រ ស្រស់ បានជូនពរសូមបងប្អូនជួប តែសេចក្តីសុខ គ្រប់ក្រុមគ្រួសារ៕

To Top