Covid-19

រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ម្នាក់ជាអ្នកលក់នំ នៅផ្សារក្រោម ខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ អ្នកលក់នំកូរ នៅផ្សារក្រោម ដែលករណីនេះ ជាករណីការឆ្លងរាលដាល ក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ មេសានេះ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការ ការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្ត វិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយ ណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោស ពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធ រមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ពិសេសអាជីវករផ្សារក្រោម និងអ្នកធ្លាប់ចេញចូលផ្សារក្រោម សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ របស់រាជរដ្ឋាភិបាល និងការណែនាំ របស់ក្រសួងសុខាភិបាល៕

To Top