ព័ត៌មានជាតិ

ទូតចិន ៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស នឹងមកដល់កម្ពុជា នាថ្ងៃស្អែក

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងចិនឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងមកដល់កម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី១៦ មេសា នេះ ឱ្យដឹងថា «វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជា ទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋាន អន្តរជាតិ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ»

ទូតចិន បន្ដថា ទោះបីជាប្រទេសចិន ស្ថិតក្នុង ស្ថានភាព ដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការ បញ្ជាទិញរបស់ភាគីកម្ពុជាដែរ។

ទូតចិន ក៏បានបញ្ជាក់ថា នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ ។ ទូតចិន ក៏មានក្ដីសង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំង ជំងឺវីរុសកូវីដ-១៩ ៕

ដោយ អេង ប៊ូឆេង

To Top