ព័ត៌មានអន្តរជាតិ

ការដកកងទ័ព របស់អាមេរិក នឹងធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងភាពវឹកវរ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវដកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន មុនថ្ងៃទី១១ ខែកញ្ញា ដែលជាការសម្រេច បញ្ចប់សង្គ្រាម ដែលវែងបំផុត នៅក្នុងប្រវត្តិសាស្ត្រ អាមេរិក។

ចាប់តាំងពីចូល ប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែតុលា ឆ្នាំ២០០១ កងទ័ពសហរដ្ឋអាមេរិក បានបណ្តាលឱ្យស្លាប់ ជនស៊ីវិលជាង ៣០,០០០ នាក់រងរបួសជាង ៦០,០០០ នាក់និងធ្វើឲ្យមនុស្សប្រមាណ ១១ លាននាក់ក្លាយ ជាជនភៀសខ្លួន។

នៅពេលស្ថានភាពសន្តិសុខ នៅអាហ្វហ្គានីស្ថាន នៅតែស្មុគស្មាញ ហើយអំពើភេរវកម្ម នៅតែបន្តរីករាលដាល ក្នុងនោះអ្នកវិភាគយល់ថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក គ្មានការទទួលខុសត្រូវ និងព្រមានប្រឆាំង នឹងជម្លោះស៊ីវិល កាន់តែខ្លាំងឡើង និងអំពើភេរវកម្ម កាន់តែរីករាលដាល។

ដោយមានការព្រួយបារម្ភ អំពីស្ថានភាពក្នុងស្រុក កាន់តែយ៉ាប់យ៉ឺន មន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសម្តែងការខកចិត្ត ជាសាធារណៈចំពោះ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដកកងទ័ព ដោយមិនមានដំណើរការ សន្តិភាព ណាមួយកើតឡើងនោះ។

ប្រជាជនអាហ្វហ្គានីស្ថាន ជាទូទៅជឿជាក់ថា សហរដ្ឋអាមេរិក គួរតែជួយអាហ្វហ្គានីស្ថាន ក្នុងការបង្កើតរដ្ឋាភិបាលរឹងមាំ និងកាត់បន្ថយជម្លោះ ប្រដាប់អាវុធ ប៉ុន្តែប្រទេសនេះមិនបាន បំពេញតាមការសន្យា របស់ខ្លួន និងធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ របស់ប្រជាជនអាហ្វហ្គានីស្ថានយ៉ាងខ្លាំង៕

ដោយ ឈូក បូរ៉ា

To Top