កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ រួមជាមួយក្រុមការងារ បានចុះពិនិត្យអំពីសុខ និងទុក្ខ របស់អ្នកដែលកំពុង ធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក នានា របស់រដ្ឋបាលខេត្តកំពង់ចាម ។
ស្របតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញ ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យ មើលអំពីការស្នាក់នៅ ការហូបចុករបស់អ្នក ដែលកំពុងធ្វើចត្តាឡីស័ក ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលជំងឺដ៏កាចសាហាវមួយនេះ បាននឹងកំពុងឆ្លងរាលដាលក្នុងសហគមន៍។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងមានអនាម័យល្អជាប្រចាំ ជាពិសេស ត្រូវយកចិត្តទុកដាក់ តាមដានឲ្យបានហ្មត់ចត់ អំពីតម្រូវការចាំបាច់ របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ចំពោះមុខ ជូនពួកគាត់ឲ្យ បានទាន់ពេលវេលា ហើយប្រសិនបើ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមប្រចាំការត្រូវរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ឲ្យបានលឿនបំផុតផងដែរ។ សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៧ មេសានេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម មានប្រមាណ ២៦០នាក់។