ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ឥឡូវវីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និង រោងចក្រដែលសុទ្ធសឹងជាកន្លែងមានមនុស្សម្នាច្រេីន។
លោកស្រីបន្តថា ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការ ចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រេីននោះឡេីយ។
លោកស្រីថា “ដូច្នេះ ប្រសិនបេីបងប្អូនមិនបន្តការ យកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ ៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ននោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រេីននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហេីយ”។
អ្នកនាំពាក្យដាស់តឿនថា ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯង បេីមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយៈពេលយូរ ដោយអនុវត្តវិធានការដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណៈកូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គេីន ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ ។
លោកស្រីបន្តទៀតថា កាលសង្រ្គាម មនុស្សខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ ខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់វិញ អីចឹង ត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហេីយសត្រូវអត់ ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុក ហេីយរកមិនឃេីញទៀតផង៕