ព័ត៌មានជាតិ

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចាត់ទុករបាយការណ៍ អ្នកកាសែតគ្មានព្រំដែន ជារឿងដដែល

ភ្នំពេញ ៖ លោកជិន ម៉ាលីន អនុប្រធាន និង ជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា របាយការណ៍ របស់អង្គការអ្នកកាសែត គ្មានព្រំដែន (Reporters Without Borders) គឺជារឿងដដែល ក្រោយពីចេញផ្សាយថា រាជរដ្ឋាភិបាល កម្ពុជា យក វិបត្តិ ជំងឺ កូវីដ- ១៩ មក គាប សង្កត់ ប្រព័ន្ធ ផ្សព្វផ្សាយ និង រឹតត្បិត ការ រិះគន់ ។

អ្នកនាំពាក្យ ឆ្លើយតបបែបនេះក្រោយពីអង្គការ អ្នកកាសែតគ្មានព្រំដែន បានចេញរបាយការណ៍ បានដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់១៤៤ ក្នុងចំណោមប្រទេស១៨០ សម្រាប់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ លោកជិន ម៉ាលីន លេីកឡេីងថា របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ជារឿងដដែលៗ ហើយទោះបីជា ចេញ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលៗដែរ ដោយមានបញ្ហាលើវិធីសាស្រ្ត នៃការវាយតម្លៃ ចំនួន២ ដូចខាងក្រោម៖

ទី១-របាយការណ៍នេះ មើលតែមួយជ្រុង នៃការអនុវត្តវិធានការច្បាប់ របស់សមត្ថកិច្ចទៅលើបុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឲ្យតែសមត្ថកិច្ចអនុវត្តច្បាប់ ទៅលើអ្នកសារព័ត៌មាន គាត់ចាត់ទុកថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព សារព័ត៌មាន។

និងទី២-របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាព មួយជ្រុងទៀត ដែលទាក់ទងនឹងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាននោះទេ ជាពិសេសទាក់ទងទៅនឹង ការអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ថាតើវាត្រឹមត្រូវទៅតាមក្របខណ្ឌ នៃច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួនដែរឬក៏អត់? វិធីសាស្រ្តវាយតម្លៃបែបនេះ គឺមិនត្រឹមត្រូវ ហើយមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈ ជាវិទ្យាសាស្រ្ដនោះទេ៕

To Top