ព័ត៌មានអន្តរជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានអន្តរជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

រុស្ស៊ីបង្កើនវត្តមាន នាវាចម្បាំង នៅសមុទ្រខ្មៅ ស្របពេលភាពតានតឹង នៅអ៊ុយក្រែនកើនឡើង

បរទេស៖ នាវាចម្បាំងរុស្ស៊ីពីគ្រឿង នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរឆ្លងកាត់ តាមសមុទ្រ Bosphorus ឆ្ពោះទៅកាន់សមុទ្រខ្មៅ ហើយនាវា១៥គ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅរួចរាល់ ស្របពេល ដែលទីក្រុងមូស្គូ បង្កើនវត្តមានទ័ពជើងទឹកខ្លួន ក្នុងខណៈទំនាក់ទំនង មានភាពតានតឹង ជាមួយលោកខាងលិច និងអ៊ុយក្រែន។

ការបន្ថែមកម្លាំងទ័ពជើងទឹកនេះ គឺធ្វើឡើងជាមួយ ការបង្កើនកងទ័ពកាន់តែច្រើនមួយ នៅជិតប្រទេសអ៊ុយក្រែន ជារឿងដែលទីក្រុងមូស្គូ ហៅថាជាសមយុទ្ធការពារ បណ្ដោះអាសន្ន ហើយការពង្រឹង បង្កើនកម្លាំងទ័ពនេះ គឺធ្វើឡើងក្រោយ មានការប្រយុទ្ធគ្នា កើនឡើង ក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត រវាងពួកបះបោរគាំទ្ររុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាល អ៊ុយក្រែន។

ក្រៅពីនេះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានធ្វើការរឹតបន្តឹង ជាបណ្ដោះអាសន្ន លើការធ្វើដំណើរនាវាចម្បាំង បរទេស នៅជិតតំបន់គ្រីមា ដែលរុស្ស៊ីបានយកពីអ៊ុយក្រែន និងដាក់ចូលជាឧបសម្ព័ន្ធ របស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ហើយទង្វើបែបនេះរបស់រុស្ស៊ី ត្រូវបានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ ធ្វើការថ្កោលទោស។

តាមសេចក្តីរាយការណ៍ នាវារុស្ស៊ីពីរគ្រឿង មកពីកងនាវាភាគខាងជើងរបស់រុស្ស៊ី មានសមត្ថភាពផ្ទុករថក្រោះ និងដឹកជញ្ជូនរថយន្តពាសដែននិងកងទ័ព នៅក្នុងអំឡុងធ្វើការប្រយុទ្ធតាមតំបន់ឆ្នេរនោះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus នៅថ្ងៃសៅរ៍នេះ៕

រុស្ស៊ី បណ្តេញមន្រ្តីទូតឆែក ២០នាក់ ចេញពីប្រទេស និងប្រាប់ឱ្យចាកចេញត្រឹម ថ្ងៃទី១៩ មេសា

បរទេស៖ ជម្លោះរវាងរុស្ស៊ី និងសាធារណរដ្ឋឆែក កាន់តែតានតឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Prague បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូថា ពាក់ព័ន្ធនឹងការផ្ទុះនៅឃ្លាំង ស្តុកគ្រាប់រំសេវមួយនៅទីក្រុង Vrbetice ក្នុងឆ្នាំ ២០១៤ ដែលបានធ្វើឱ្យជនជាតិឆែក ២ នាក់ស្លាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសកម្មភាពតបតវិញ ប្រឆាំងនឹងការបណ្តេញអ្នកការទូត ១៨ នាក់ចេញពីទីក្រុង Prague, រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានបណ្តេញអ្នកការទូតឆែកចំនួន ២០នាក់ វិញផងដែរ ដែលត្រូវបានគេប្រាប់អោយចាកចេញ ពីរដ្ឋធានីរបស់រុស្ស៊ីនៅត្រឹមថ្ងៃច័ន្ទទី១៩ ខែមេសា។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅប្រទេសរុស្ស៊ីលោក Vitezslav Pivonka ត្រូវបានកោះហៅទៅ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរឿងអាស្រូវការទូត។ អ្នកការទូតរូបនេះបានចូលអគារក្រសួង ដោយមិនបានចេញសេចក្តីអត្ថាធិប្បាយទេ ចំណាយពេលប្រហែល ២០នាទីនៅទីនោះហើយចាកចេញមកវិញ។

សេចក្តីថ្លែងការណ៍បាននិយាយ “ការតវ៉ាដ៏ខ្លាំងមួយត្រូវបានប្រកាសដល់ ឯកអគ្គរដ្ឋទូតទាក់ទងនឹងទង្វើមិនរាក់ទាក់ របស់អាជ្ញាធរឆែកប្រឆាំងនឹងបុគ្គលិក នៃបេសកកម្មការទូតរុស្ស៊ីនៅក្រុងប្រាក។ លោក Pivonka ត្រូវបានគេជូនដំណឹងថាបុគ្គលិកចំនួន ២០នាក់ នៃស្ថានទូតឆែកនៅទីក្រុងមូស្គូត្រូវបាន ប្រកាសជាបុគ្គលិកមិនស្មោះត្រង់” ៕

លោក Putin ព្រមានបណ្តា ប្រទេស​លោកខាងលិច ដោយអះអាងថា ជាអ្នករៀបចំរដ្ឋប្រហារ នៅបេឡារូស

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin បានធ្វើការសេចក្តី ថ្លែងការណ៍មួយ ដែលព្រមានត្រង់ៗ ទៅកាន់បណ្តាប្រទេសលោកខាងលិច ដោយហៅសកម្មភាព របស់ពួកគេគឺហួសកម្រិតបន្ទាត់ក្រហម និងបានថ្កោលទោសផង ចំពោះផែនការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសបេឡារូស។

ការប្រកាសព្រមានថា បានធ្វើឡើងនៅក្រោយពេលដែលភាពតានតឹង រវាងប្រទេសរុស្សីនិងលោកខាងលិច បានកើនឡើងកំដៅជាពិសេសបញ្ហាព្រំដែន អ៊ុយក្រែន និងបញ្ហាមេបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លួន នៅក្នុងទីក្រុងមូស្គូ ផងនោះ។

សេចក្តីថ្លែង ការណ៍ របស់លោកប្រធានាធិបតីនេះផងដែរ ក៏ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់ជំហ របស់លោកប្រធានាធិបតីបេឡារូស ដែលបច្ចុប្បន្នកំពុងប្រឈម មុខទៅនឹងការ តវ៉ាប្រឆាំងដ៏ធំមួយ ពីសំណាក់ពលរដ្ឋរបស់ខ្លួន។

គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ខែមេសាកន្លងមកអជ្ញាធរ នៃប្រទេសបេឡារូសបានប្រកាសថា បានធ្វើការបំផ្លាញផែនការ ធ្វើរដ្ឋប្រហារមួយ ដែលមានគោលបំណង ធ្វើឃាតប្រធានាធិបតីបេឡារូស ហើយវាគឺជាផែនការដែលមានការគាំទ្រ ដោយសហរដ្ឋអាមេរិកផងដែរ ដោយក្នុងនោះទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់រុស្សីបានធ្វើការចាប់ឃាត់ខ្លួនជនជាតិ បេឡារូសចំនួន២នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព នេះ ៕

មន្ត្រីយោធាជាន់ខ្ពស់ អាមេរិក៖ចិន និងរុស្សីបច្ចុប្បន្ន កំពុងធ្វើទំនើបកម្មអាវនុយក្លេអ៊ែរ លឿន ខ្លាំងជាងអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ មួយរូបរបស់អាមេរិក ដែលទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ បានធ្វើការលើកឡើងអំពីក្តីបារម្ភរបស់គាត់ថា ចិននិងរុស្សីបច្ចុប្បន្នគឺ បានធ្វើទំនើបកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេលឿន ជាងអ្វីដែលអាមេរិកកំពុងមាននាពេលនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ម្សិលមិញនេះមន្ត្រីកំពូលរូបនេះបានបន្តទៀតថា អាមេរិកមិនបានធ្វើការចាប់ផ្តើមវិនិយោគឲ្យបានច្រើនគ្រប់គ្រាន់ ទៅលើវិស័យការពារជាតិ របស់ខ្លួនជាពិសេសក្បាលគ្រាប់នុយក្លេអ៊ែរ ឡើយដែលវានឹងធ្វើឲ្យខ្លួននឹង អាចបាត់បង់កេរ្ត៍ឈ្មោះ និងកត្តិនាមនៅក្នុងករសែភ្នែកសត្រូវរបស់
អាមេរិកទាំងឡាយ។

លោក Charles Richard ប្រធានផ្នែកមេបញ្ជាការ យុទ្ធសាស្ត្រដែលជាអង្គភាព ទៅលើក្បាលគ្រាប់នុយក្លេអ៊ែរ របស់អាមេរិកនោះបាននិយាយ ទៀតថារុស្សីបច្ចុប្បន្នកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍនិងធ្វើទំនើបកម្មលើ អាវុធនុយក្លេអ៊ែររបស់ខ្លួនហើយការងាររបស់ពួកគេបានសម្រេច គឺមានរហូតទៅដល់៨០ ភាគរយមកហើយខណៈដែលអាមេរិក នៅត្រឹមសូន្យនៅឡើយ៕

WHO អាះអាងថាពិភពលោក នឹងអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានក្នុងប៉ុន្មានខែខាងមុខនេះ

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅថ្ងៃច័ន្ទថា ពិភពលោកអាចនាំមក នូវការរាតត្បាតសកល នៃជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រសិន បើមានការចែកចាយធនធានចាំបាច់ ដោយស្មើភាព។

សកម្មជនបម្រែបម្រួល អាកាសធាតុសកលលោក Greta Thunberg ដែលចូលរួមក្នុងសន្និសីទកាសែតក្នុងនាមជាភ្ញៀវមកពីប្រទេសស៊ុយអែត បានធ្វើការឆ្លុះបញ្ចាំងពី“ ការចាក់វ៉ាក់សាំងជាតិនិយម” ហើយបានលើកឡើងថា វាមិនសមហេតុផលនោះទេ ដែលប្រទេសអ្នកមាន កំពុងផ្តល់អាទិភាពដល់ពលរដ្ឋវ័យក្មេងរបស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំងមុនក្រុមងាយរងគ្រោះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងថា “យើងមានឧបករណ៍ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើយើងអនុវត្តវាឲ្យបានជាប់លាប់ និងប្រកបដោយសមធម៌”។

ទោះយ៉ាងណាលោកក៏បានសម្តែងការព្រួយបារម្ភចំពោះ“ អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ- ១៩ កំពុងរីករាលដាលលើក្រុមមនុស្សដែលមានអាយុពី ២៥-៥៩ ឆ្នាំនៅទូទាំងពិភពលោក ដែលអាចបណ្តាលមកពីការឆ្លងមេរោគទម្រង់ថ្មីកាន់តែច្រើន។

នៅក្នុងនោះដែថលោកបានបញ្ជាក់ថា “វាចំណាយពេល ៩ ខែឈានដល់ការស្លាប់ ១ លាននាក់, ៤ ខែឈានដល់ ២ លាននាក់ និង ៣ ខែដើម្បីឈានដល់ ៣ លាននាក់” ។

លោក Thunberg បានលើកឡើងថា មនុស្សម្នាក់ក្នុងចំណោម ៤ នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មានតែមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ៥០០ នាក់នៅក្នុងប្រទេសក្រីក្រ បានទទួលការចាក់ថ្នាំបង្ការ៕

រុស្ស៊ីនិងក្រុមហ៊ុនចិន ព្រមព្រៀងគ្នា​ផលិត វ៉ាក់សំាង កូវីដ១៩ Sputnik V នៅចិន

បរទេស ៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានព្រមព្រៀងគ្នា ជាមួយ ក្រុមហ៊ុនចិន Hualan Biological Bacterin ធ្វើការផលិតថ្នាំវ៉ាក់សាំង កូវីដ១៩ Sputnik V ជាង១០០លានដូស នៅក្នុងប្រទេសចិន ។

តាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងសារព័ត៌មាន The Straits Times នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានប្រាប់ថា ភាគីទាំងពីរបានប្តេជ្ញា ចំពោះភាពជាដៃគូរយៈពេលវែង ក្នុងការផលិតថ្នាំវ៉ាក់សាំងនោះ ។

លោក Kirill Dmitriev ជានាយប្រតិបត្តិ របស់មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានមានប្រសាសន៍ដូច្នេះថា “កិច្ចព្រមព្រមសហការគ្នា ជាមួយក្រុមហ៊ុន Hualan Biological Bacterin ដែលជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង នាំមុខរបស់ប្រទេសចិននោះ នឹងជួយបង្កើនសមត្ថភាព ផលិតថ្នាំវ៉ាក់សាំង Sputnik V កាន់តែខ្លាំងឡើង ។ ប្រទេសចិន គឺជាប្រទេសមួយ ក្នុងចំណោមដៃ គូសំខាន់ ក្នុងការផលិតថ្នាំ វ៉ាក់សាំងរុស្ស៊ី ដែលបានប្រើប្រាស់ហើយ ក្នុងគ្រប់ផ្នែក នៃពិភពលោក ដើម្បីការពារិសុខភាព មនុស្ស ព្រោះថ្នាំវ៉ាក់សាំង Sputnik V ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់” ។

គួរបញ្ជាក់ថា មកទល់ក្នុងពេលបច្ចុប្បន្ននេះ ថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V បានចុះបញ្ជីក្នុងប្រទេស ចំនួន៦០នៅលើពិភពលោក ដែលមានប្រជាជន សរុបចំនួន៣ពាន់លាននាក់ ហើយថ្នាំវ៉ាក់សាំង Sputnik V នេះ មានប្រសិទ្ធភាព៩១,៦ភាគរយ ដែលបញ្ជាក់ ដោយទិន្នន័យបោះពុម្ពផ្សាយក្នុងកាសែត Lancet ជាកាសែតមួយក្នុងចំណោមកាសែត វេជ្ជសាស្ត្រដ៏ចំណាស់ និងត្រូវគេគោរពបំផុតលើពិភពលោក ៕

ជប៉ុន នឹងទទួលបាន វ៉ាក់សាំង ៥០លានដូស បន្ថែមពីក្រុមហ៊ុន Pfizer

តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសជប៉ុនរំពឹងថា នឹងទទួលបាននូវវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០ លានដូស របស់ក្រុមហ៊ុន Pfizer Inc បន្ទាប់ពី លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានអំពាវនាវឲ្យក្រុមហ៊ុន ឱសថមួយនេះ បង្កើនការផ្គត់ផ្គង់។

រួមគ្នាជាមួយកិច្ចព្រមព្រៀង ដែលមានស្រាប់សម្រាប់ ១៤៤ លានដូស ប្រទេសជប៉ុន គ្រោងនឹងទទួលបានវ៉ាក់សាំង ចំនួនពីរពីក្រុមហ៊ុនអាមេរិក សម្រាប់ប្រជាជន សរុបប្រហែលជា ៩៧ លាននាក់ ។

លោកនាយករដ្ឋមន្រ្តី ជប៉ុន បានលើកឡើងថា រដ្ឋាភិបាលរំពឹងថា ការផ្គត់ផ្គង់នឹងមានគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់រូប ដែលមានសិទ្ធិ ទទួលបានក្នុង ចំណោមប្រជាជនជប៉ុន ចំនួន ១២៦ លាននាក់ នៅចុងខែកញ្ញា បន្ទាប់ពីបានស្នើសុំនូវចំនួនបន្ថែម តាមការហៅទូរស័ព្ទជាមួយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃសៅរ៍ ៕

ជំងឺកូវីដ-១៩ទម្រង់ថ្មី ងាយឆ្លងលឿន រហូតដល់ ៤៥ភាគរយ ធៀបទៅនឹងវីរុសដើម

យេរ៉ូសាឡឹម៖ ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញថាជំងឺកូវីដ-១៩ទម្រង់ថ្មី បានរកឃើញនៅក្នុងចក្រភព អង់គ្លេស និងបណ្តាប្រទេសដទៃទៀត គឺមានចំនួន ៤៥ ភាគរយ ដែលងាយចម្លង ច្រើនជាងមេរោគដើម នេះបើតាមប្រភពព័ត៌មាន របស់សាកលវិទ្យាល័យ Tel Aviv នៅអ៊ីស្រាអែល។

នៅក្នុងការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Cell Reports Medicine ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបចំនួនបន្តពូជ ឬលេខ R, នៃវីរុសកូវីដ-១៩ដើម ជាមួយវីរុស ដែលមានឈ្មោះថា B.1.7 ហើយបានរកឃើញថា ភាពប្រែប្រួលគឺស្ទើរតែ ឆ្លង 1,5 ដង។

ប្រសិនបើលេខ R ដែលជាសូចនាករ ដែលត្រូវបានប្រើដើម្បីកំណត់ថា តើការរីករាលដាលយ៉ាងលឿននៃវីរុស-១៩ គឺធំជាង ១ វាមានន័យថា ចំនួនអ្នកជំងឺកើនឡើងក្នុងអត្រានិទស្សន្ត និងគុណពីមួយពេលទៅមួយពេល ។

នៅក្នុងនោះដែរ អ្នកស្រាវជ្រាវបានផ្អែកលើការស្រាវជ្រាវ របស់ពួកគេលើទិន្នន័យពីការធ្វើតេស្តិ៍ PCR ប្រហែល ៣០០,០០០ករណី សម្រាប់ការការពារជំងឺកូវីដ-១៩ ដែលទទួលបានពីមន្ទីរ ពិសោធន៍សាកល្បង។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ គេបានរកឃើញថាមានតែ ៥ ភាគរយនៃលទ្ធផលវិជ្ជមាននៃការធ្វើតេស្តជំងឺកូវីថ -១៩ នៅអ៊ីស្រាអែល ត្រូវបានគេសន្មតថា ជាទម្រង់ថ្មី ប៉ុន្តែភាគរយបានកើនឡើងដល់ ៩០ ភាគរយតែ ៦ សប្តាហ៍ក្រោយមកហើយដល់ ៩៩,៥ ភាគរយឥឡូវនេះ ៕

មេដឹកនាំកំពូលចិន រិះគន់អាមេរិកថា សង្គ្រាមត្រជាក់ថ្មី នឹងធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងអំពីការប៉ុនប៉ងមួយរបស់ សហរដ្ឋអាមេរិក ដើម្បីបន្ថយឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ និងពិភពលោកនៃមហាអំណាចអាស៊ី ដោយសង្កត់ធ្ងន់ទៅលើ“ សង្រ្គាមត្រជាក់ថ្មី” នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចពិភពលោក។

លោកស៊ី បានឲ្យនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតនៅវេទិកា Boao សម្រាប់អាស៊ីថា ជាការជំនួសតំបន់នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស បានលើកឡើងថា ការស្ថាបនាសិប្បនិម្មិតនៃជញ្ជាំង គឺផ្ទុយនឹងច្បាប់សេដ្ឋកិច្ចនិងទីផ្សារហើយវានឹងធ្វើឱ្យអ្នកផ្សេងខកចិត្ត។

លោកស៊ី បានអះអាងថា ប្រទេសចិន នឹងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងវិស័យធុរកិច្ច និងចូលរួមចំណែកក្នុងការកសាង“ ប្រព័ន្ធសេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ថ្មី” ជាក់ស្តែងដែលជំរុញឱ្យសហរដ្ឋអាមេរិក កុំប្រកាន់ខ្ជាប់នូវគោលនយោបាយ គាំពារពាណិជ្ជកម្មនិយមរបស់ខ្លួន។

លោកស៊ី បានបន្ថែមថា នៅពេលដែលប្រទេសប្រជាធិបតេយ្យ ដែលចងភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិ កត្រូវបានគេរំពឹងថា នឹងត្រូវបានកាត់ផ្តាច់បន្ថែមទៀតពីអ្នកដែលស្និទ្ធស្នាលជាមួយប្រទេសចិន ដែលដឹកនាំដោយបក្សកុម្មុយនិស្តទីក្រុងប៉េកាំង “ប្រឆាំងនឹងទម្រង់ណាមួយនៃសង្គ្រាមត្រជាក់ថ្មី និងការប្រឈមមុខដាក់មនោគមវិជ្ជា” ។

លោកបានបញ្ជាក់បន្ថែមថា“ ច្បាប់ដែលបានកំណត់ដោយប្រទេសមួយ ឬប្រទេសមួយចំនួនមិនគួរត្រូវបានដាក់លើប្រទេសដទៃទៀតនោះទេ” ប្រទេសចិន នឹងមិនស្វែងរកអនុត្តរភាព និងព្យាយាមដើម្បីពង្រីកវិសាលភាពនៃឥទ្ធិពល ឬក៏មិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធដែរ” ។

លោកស៊ីបានថ្លែងសុន្ទរកថា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលធ្វើឱ្យរដ្ឋាភិបាលចិន ខឹងយ៉ាងខ្លាំង៕

ប្រធានាធិបតីហ្វីលីពីន នឹងមិន ចូលរួមកិច្ចប្រជុំ នៅឥណ្ឌូនេស៊ី ដោះស្រាយវិបត្តិនោះ មីយ៉ាន់ម៉ា នោះទេ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៃប្រជាជាតិប្រជាជាតិអាស៊ីអាគ្នេយ៍ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នោះទេ នៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្ទុយទៅវិញអ្នកការទូតកំពូលគឺលោក Teodoro Locsin Jr នឹងត្រូវចូលរួមក្នុងនាមជាប្រេសិតពិសេសរបស់លោក ឌូទ័រតេ ក្នុងកិច្ចប្រជុំដែលមេដឹកនាំត្រូវបានគេរំពឹងថានឹងដោះស្រាយវិបត្តិដែលកំពុងកើនឡើងនៅប្រទេសមីយ៉ាន់ម៉ាដោយរដ្ឋប្រហារ។

ក្រសួងការបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីឌូទ័រតេ បានសំរេចចិត្តនៅក្នុងប្រទេសដើម្បីចូលរួមក្នុងការដោះស្រាយក្តីកង្វល់នានា លើវិបត្តិនៃជំងឺកូវីដ១៩» ៕

អ៊ីស្រាអែល ធ្វើការសងសឹក ក្រោយមីស៊ីលស៊ីរី ធ្លាក់ក្បែររ៉េអាក់ ទ័រនុយក្លេអ៊ែ

បរទេស ៖ យោធាអ៊ីស្រាអែល បាននិយាយថា មីស៊ីលវាយប្រហារ ពីដីទៅអាកាសស៊ីរីមួយគ្រាប់ បានធ្លាក់ផ្ទុះនៅក្នុងប្រទេស អ៊ីស្រាអែល ភាគខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ជាហេតុការណ៍មួយ បង្កឲ្យមានការបង្កើនស៊ីរ៉ែនព្រមាន នៅក្នុងតំបន់ក្បែរ រ៉េអាក់ទ័រ នុយក្លេអ៊ែ Dimona ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានរបាយការណ៍អំពីអ្នករងរបួស ឬក៏ការខូចខាតណាមួយ នៅក្នុងប្រទេសអ៊ីស្រាអែលនៅឡើយនោះទេ។
យោធាអ៊ីស្រាអែល បាននិយាយប្រាប់ថា ក្នុងដំណើរឆ្លើយតប ចំពោះការ វាយប្រហារ ដោយមីស៊ីលនោះ ខ្លួនបានធ្វើការវាយប្រហារ ទីតាំងប្រព័ន្ធមីស៊ីលមួយចំនួន នៅក្នុងប្រទេសស៊ីរី ដែលរួមទាំងទីតាំងមួយ ដែលបានមីស៊ីលវាយប្រហារទឹកដីអ៊ីស្រាអែល ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី បាននិយាយប្រាប់ថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ស្ទាក់ការវាយ ប្រហារអ៊ីស្រាអែល ដែលផ្តោតគោលដៅលើតំបន់នានា នៅតំបន់ជាយទីក្រុងដាម៉ាស់ ប៉ុន្តែទាហានចំនួន៤នាក់ បានរងរបួស និងខូចខាតឧបករណ៍ខ្លះៗ នៅក្នុងការវាយប្រហារនោះ៕

To Top