ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

កម្ពុជា សរសើរចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ឲ្យទាន់ពេលវេលា ទៅកាន់ប្រទេសជាច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។

ក្នុងពិធីបើកវេទិការបូអាវ សម្រាប់អាស៊ីស្ដីពី «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ធ្វើឡើងតាមប្រព័ន្ធវិដេអូ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្នជំងឺកូវីដ-១៩ បានបន្ដគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសសាធារណៈសកល និងការអភិវឌ្ឍជារួម។
សម្ដេចថា ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវស្ថិភាពនោះទេ ដរាបណា ប្រទេសទាំងអស់ មិនមានសុវត្ថិភាព។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការអនុវត្ត ផ្លូវសូត្រសុខភាព ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់ នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងសកម្ម អំពីភាពដឹកនាំសកលរបស់ប្រទេសចិន»។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២,៨លានដូស ដល់កម្ពុជា ដែលក្នុងនោះ ចំនួន ១.៣លានដូស ជាជំនួយមនុស្សធម៌។

សម្ដេចតេជោ បន្ដថា ក្រៅពីជំងឺរាតត្បាតកូវីដ១៩ ពិភពលោកកំពុងប្រឈមបញ្ហាជាច្រើនទៀត ដែល បណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹង ការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។ ក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ច សកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។

សម្ដេចតេជោ បន្ថែមថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ សម្ដេចថា ក្នុងបរិការណ៍នេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែ សកម្មនៅគ្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ ៕

សម្តេចតេជោ៖ កម្ពុជាកំពុងជួប សង្គ្រាម ប្រឆាំងជំងឺកូវីដ១៩ ដែលវិវត្តន៍ ដំណាក់កាលថ្មី

ភ្នំពេញ ៖ ទោះបីកម្ពុជាទទួលជោគជ័យ ក្នុងការទប់ ស្កាត់ជំងឺកូវីដ-១៩ ស្ទើរពេញមួយឆ្នាំ២០២០ក៏ដោយ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញ។

នេះជាការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារលិខិតថ្លែងអំណរគុណ លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ ។

សម្ដេចតេជោ បានថ្លែងបន្តថា ជាការពិតកម្ពុជា -វៀតណាម ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងជួបប្រទះបញ្ហាប្រឈម ដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្ក វិបត្តិយ៉ាងធំធេង ចំពោះសុខភាព សាធារណៈ សង្គម និងសេដ្ឋកិច្ច។

សម្តេចតេជោ បញ្ជាក់ថា «នៅកម្ពុជា ទោះបីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ ដំណាក់កាលថ្មី ដែលស្មុគស្មាញ ជាពិសេសក្រោយការផ្ទុះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្នក្រសួងសុខាភិ បាល រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រោមការ ដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជំងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់ វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

កម្ពុជាសព្វថ្ងៃបានផ្ទុះ ជំងឺកូវីដ១៩ យ៉ាងខ្លាំង ពិសេសនៅភ្នំពេញ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយមួយថ្ងៃមានអ្នកកើតថ្មីចន្លោះពី៣០០ទៅ៤០០នាក់។ ក្នុងនោះអ្នកស្លាប់វិញ មានប្រមាណជាជិត៦០នាក់ ហើយ គិតមកត្រឹមថ្ងៃ២១ មេសា៕

ប្រមុខការពារជាតិ ៖ យើងរួមគ្នាស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត ក្នុងរយៈពេលវែង

ភ្នំពេញ ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា មិនទាន់ថមថយនោះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរួមគ្នាតស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត រយៈពេលវែង ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មេសានេះ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា “យើងរួមគ្នាស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត ក្នុងរយៈពេលវែង” ។

ជាមួយគ្នានោះ សម្ដេច ទៀ បាញ់ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីអំពី ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕

ប្រធាន គណបក្ស យុវជន កម្ពុជា អំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចូលរួមអនុវត្តន៍ តាមការ ណែនាំ របស់ ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩

គណបក្ស​ ប្រជាធិបតេយ្យ មូលដ្ឋាន ៖ នៅពេលប្រទេសជាតិ ស្ថិតក្នុងគ្រាអាសន្ន យើងគួរនាំគ្នា ជួយសម្តេច ហ៊ុន សែន

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន បានលើកឡើងថា នៅពេលប្រទេសជាតិ ស្ថិតក្នុងគ្រាអាសន្ន យើងគួរនាំគ្នា ជួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រតិបត្តិ ៣កុំ ៣ការពារ និងគោរពតាមវិធានការ បិទខ្ទប់ ពីព្រោះពេលនេះ គាត់មានភារកិច្ចដឹកនាំប្រទេស ហើយកំពុងខំប្រឹង ធ្វើការយ៉ាងខ្លាំង ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសា នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា “ជារឿងសំខាន់ និងចាំបាច់ណាស់ ដែលខ្មែរមាននិន្នាការ នយោបាយផ្សេងគ្នា តែចេះពួតដៃគ្នា ប្រយុទ្ធនឹងសត្រូវរួម ពេលស្រុកទេសមានអាសន្ន ។ ជាមួយនេះយើងក៏បន្តតាមដាន ឃ្លាំមើលរបៀបចាត់ចែង គ្រប់គ្រង គ្រោះអាសន្នរបស់គាត់ និងធ្វើការទិតៀន ក្នុងបំណងស្ថាបនា នូវចំណុចខ្វះចន្លោះ ទាំងឡាយ ដើម្បីជាប្រយោជន៍ រួមដល់ខ្មែរទាំងអស់” ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងបន្ថែមថា ក្រោយចប់គ្រោះអាសន្ន ការប្រកួតប្រជែង នយោបាយ តាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវបន្តទៅមុខ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារ យើងមិនទាន់មានសិទ្ធិសម្រាកទេ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធាន អនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើង មិនទាន់មានសិទ្ធិ សម្រាកទេ បន្ទាប់ពីបញ្ចប់ការរៀបចំ មណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាល នៅកោះពេជ្រ ជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រ ដល់ប្រមាណជិត២៦០០ គ្រែ ក្រុមការងារបានបន្តទៅរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀត នៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់ ។

ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏ អនុវត្ត ក្នុងការបិទ ខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នា ទប់ស្កាត់ការរីករាលដាល និងឈានដល់ការ បញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេស របស់យើងបានឆាប់រហ័ស៕

រាជរដ្ឋាភិបាល ផ្ដល់ដីមួយកន្លែង ជាង២ហិកតា នៅស្រុកទ្រាំង ដើម្បីសាងសង់ឈាបនដ្ឋាន បូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាល យល់ព្រមផ្តល់ដី ១កន្លែង ទំហំ២ហិកតា ៣០៣៣ ម៉ែត្រការ៉េ ក្នុងភូមិតាស្រែង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋាន បូជាសពអ្នកកើតជំងឺកូវីដ-១៩ ។

ក្រុមអង្គការ សង្គមស៊ីវិល អំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការរំលោភ បំពានផ្លូវភេទ និងអំពើហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់

ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និង មន្ត្រីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ សូមមេត្តាបង្កើន យកចិត្តទុកដាក់ ការពារ និងផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីករណី នៃការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើ ស្រ្តី កុមារ និងក្រុមអ្នកស្រលាញ់ភេទ ដូចគ្នា ដែលអាចកើតមានឡើង នៅក្នុងអំឡុងពេល នៃការធ្វើចត្តាលីស័ក រយៈពេល១៤ ថ្ងៃ និងនៅតំបន់បិទខ្ទប់ ។

យោងតាមសេចក្ដីអំពាវនាវរួម របស់ក្រុមអង្គការសង្គមស៊ីវិល ចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា យើងខ្ញុំជាអង្គការ សង្គមស៊ីវិល មានក្តីបារម្ភ នៅពេលដែលប្រទេសកម្ពុជា រងនូវវិបត្តិនៃការឆ្លង រីករាលដាលយ៉ាងលឿន នៃជំងឺកូវីដ ១៩ ។ ប្រជាជនទាំងអស់ ត្រូវបានស្នើសុំឲ្យអនុវត្តវិធានការ “៣ការពារ ៣កុំ” និងព្យាយាមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មាន ករណីចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

នៅថ្ងៃទី០៩ ខែមេសា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ តំបន់មួយចំនួន នៅក្នុងខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងសម្រេចបិទខ្ទប់ ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ ទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ ។ ចំណាត់ការនេះ បានបន្តអនុវត្តនៅសង្កាត់មួយចំនួន នៅក្រុងសៀមរាបផងដែរ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំទីតាំង សម្រាប់ធ្វើចត្តាឡីស័ករួម នៅតាមតំបន់ ផ្សេងៗ នៅតាមខេត្ត និងនៅទីក្រុងភ្នំពេញ។ តួយ៉ាងការរៀបចំ ទីតាំង សម្រាប់ធ្វើចត្តាឡីស័ករួម សម្រាប់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អ៊ឹម ធូ (AM2) ចំនួន ៤៥៧នាក់ នៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ទីកន្លែង សម្រាកព្យាបាល អ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅក្នុងទីតាំងវិទ្យាល័យ ជា ស៊ីមសាមគ្គី និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌល ពិពណ៌កោះពេជ្រជាដើម ។

ជាការពិតណាស់ ការធ្វើចត្តាឡីស័ក គឺ មានការ ចំបាច់នៅ ក្នុងការកាត់បន្ថយ និងទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩ ប៉ុន្តែការណ៍នេះ ក៏មានការប្រឈម នឹងផលវិបាកខាងផ្លូវចិត្ត និងផលរំខាន នៃសង្គមផងដែរ ។ នៅក្នុងស្ថានភាពនេះគេហៅថា ជាស្ថានភាពប្រតិកម្ម នៃការធ្វើចត្តាឡីស័ក ដែលនៅក្នុងនោះអាចរាប់បញ្ចូល ទាំងករណីនៃការកើនឡើង នៃអំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវ ភេទជាដើម ។
យោងតាមបទពិសោធន៍ នៃប្រទេសជាច្រើន ដែលជួបនឹងការរាតត្បាតធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ នេះបានបង្ហាញឲ្យឃើញថា មានកត្តាមួយចំនួន ដែលជំរុញបន្ថែមធ្វើឲ្យ មានការកើនឡើងនូវអំពើ ហិង្សា និងការបៀតបៀន ផ្លូវភេទនេះ ដូចជាភាពមិននឹងនរ នៃសេដ្ឋកិច្ចគ្រួសារ របៀបនៃការរស់នៅបែបថ្មី ដែលទាមទារឲ្យមានការបន្ស៊ាំខ្លួន យូរ ដែលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងឱកាសអំណោយផល ក្នុងការប្រព្រឹត្តិនៅក្នុងតំបន់ ឬទីតាំងធ្វើ ចត្តាឡីស័ក ឬទីតាំងសម្រាកព្យាបាល រួមឬតំបន់បិទខ្ទប់ ដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងតែមានភាពមមាញឹក ក្នុងក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍ ប្រឆាំង នឹងជំងឺកូវីដ ១៩ ជាដើម ។
ស្ត្រី កុមារ និងក្រុមអ្នកប្តូរយេនឌ័រ/ភេទ គឺជាក្រុមដែលចាត់ទុកថា ងាយរងគ្រោះជាងគេនៅក្នុងអំឡុងពេល នៃការរាតត្បាតនេះ ។ កម្រិតនៃភាពតានតឹងផ្លូវចិត្តរបស់ឳពុកម្តាយ បាននាំមកនៅការប្រើប្រាស់អំពើហិង្សាផ្លូវកាយ និងការមិនយកចិត្តទុក ដាក់ថែរក្សាកុមារ ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើការលើការជួយគាំទ្រកុមារ ក៏អាចនឹងត្រូវបានកំណត់នូវ ដែននៃកិច្ចអន្តរាគម របស់ពួកគេ ក្នុង អំឡុងពេលនេះដែរ ។ ចំណែកឯកុមារ ក៏ប្រឈមមុខនឹងសម្ពាធផ្លូវចិត្ត ភាពធុញថប់នៅពេល ដែលពួកគេមិនអាចចេញក្រៅផ្ទះ និងរៀនសូត្រដូចពេលមុន។ រីឯស្ត្រី ត្រូវបានបង្កើនពេលវេលា របស់ខ្លួនទទួលបន្ទុក ក្នុងការមើលថែទាំគ្រួសារ ការប្រឈមនឹងសម្ពាធផ្លូវចិត្ត កម្រិតនៃការទទួលរង អំពើហិង្សាកើនឡើង ពីសំណាក់ដៃគូរ ស្និទ្ធិស្នាល នៅក្នុង រយៈពេលដែលមិនអាចដើរ ចេញក្រៅផ្ទះបាននិងការស្វែងរកប្រាក់ចំណូល សម្រាប់គ្រួសារ ជាដើម ។ ស្ត្រី និងកុមារក៏ប្រឈម នឹងហានិភ័យខ្ពស់ នៃការបៀតបៀនផ្លូវភេទ ការរំលោភបំពាន នៅពេលដែលពួកគេស្ថិត នៅទីតាំង នៃការបិទខ្ទប់ និងទីតាំង ធ្វើចត្តាឡីស័ក ឬកន្លែងសម្រាកព្យាបាលរួម ដែលអំណោយផល ដល់អ្នកប្រព្រឹត្តិ ខណៈដែលការយល់ដឹង អំពីការបៀតបៀនផ្លូវភេទ ឫការរំលោភបំពាន និងការផ្តល់កិច្ចអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត។ ចំណែកឯក្រុមអ្នកប្តូរយេនឌ័រ/ភេទ អាចទទួលរងនូវការមាក់ងាយធ្ងន់ធ្ងរជាងមុននៅពេលដែលគាត់ស្ថិតនៅក្នុងតំបន់ទីតាំងធ្វើ ចត្តាឡីស័ករួមឬកន្លែង សម្រាកព្យាបាលរួមនេះ ។
អាស្រ័យដូចបានជម្រាប ជូនខាងលើ យើងខ្ញុំជាអង្គការ សង្គមស៊ីវិល សូមអំពាវនាវដល់រាជរដ្ឋាភិ- បាល ថ្នាក់ដឹកនាំមានសមត្ថកិច្ច និងមន្ត្រី ទទួលបន្ទុកទាំងអស់មេត្តា បន្ថែមការយកចិត្តទុកដាក់ និងការពារ ទប់ស្កាត់ការបៀតបៀន ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាប្រឆាំងនឹងយេនឌ័រ តាមរយៈ ៖

✔️

ចាត់ទុកការគាំទ្រ លើការទប់ស្កាត់អំពើហិង្សា ប្រឆាំងនឹងយេនឌ័រ និងសេវាជួយសង្គ្រោះ ជនរងគ្រោះ ដោយអំពើហិង្សា ជាអទិភាព មួយក្នុងចំណោមអទិភាពផ្សេងទៀត នៃប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេសក្នុង តំបន់ចត្តាឡីស័ករួម និងតំបន់បិទខ្ទប់។ ការណ៍នេះគឺរាប់បញ្ចូល ទាំងការដាក់ចេញនៅបទបញ្ជា ក្នុងការការពារ និងការសម្រេចខាងរដ្ឋបាលដើម្បីស្វែងរក និងផ្តល់ទីតាំង ដែលមានសុវត្ថិភាព សម្រាប់ស្រ្តី និងកុមារនៅពេល ដែលផ្ទះរបស់ពួកគេមិនមាន សុវត្ថិភាពក្នុងការធ្វើចត្តាឡីស័ក ។

✔️

លើកកម្ពស់បន្ថែម ក្នុងការដាក់បញ្ចូលសារផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សា ការរើសអើង និងការមាក់ងាយផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលបង្ហាញថា អំពើហិង្សាគ្រប់ទម្រង់ គឺមិនអាចអត់ឱនឱ្យបានជាដាច់ខាត ហើយអ្នកប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់។

✔️

បន្តធានាឱ្យមានទីធ្លាសុវត្ថិភាព និងឯកជនភាពគ្រប់គ្រាន់ សម្រាប់ប្រជាជនទាំងអស់ នៅតាមទីតាំងធ្វើចត្តាឡីស័ករួម ឲ្យមានភាពដាច់ដោយឡែក ដូចជាកន្លែងគេង ដែលកំណត់សម្រាប់ស្ត្រីបុរសម្នាក់ៗ ឬក្រុមគ្រួសារ ។

✔️

ធវើការផ្សព្វផ្សាយរួមគ្នា ដើម្បីលុបបំបាត់ការរើសអើង ការមាក់ងាយ និងឧបសគ្គដែលនាំឲ្យស្ត្រី មិនព្រមរាយការណ៍ពីករណី ដែលកើតមានឡើងចំពោះខ្លួនឯង។

✔️

បង្កើតវិធីសាស្ត្រថ្មីៗ ក្នងការបង្កើនការគាំទ្រនានា ដែលអាចជួយទប់ស្កាត់អំពើហិង្សាលើយេនឌ័រ រួមមានដូចជាការប្រើប្រាស់ Apps សារ ក្នុងការរាយការណ៍ ក៏ដូចជាទទួលបានព៌តមានពីករណីអំពើហិង្សាលើស្ត្រី កុមារ និងអ្នកប្តូរភេទ/យេនឌ័រ ។

✔️

បង្កើនផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទហតឡាញឲ្យបានទូលាយ ពិសេសដើម្បីទទួលការរាយការណ៍ពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលជនរងគ្រោះឬអ្នកបានឃើញហេតុការណ៍ អាចរាយការណ៍បានតាមរយៈការខល ឬផ្ញើសារទៅកាន់លេខពិសេសទាំងនោះ ។

✔️

លើកទឹកចិត្ត និងគាំទ្រការងារដៃគូរ សហការរបស់រាជរដ្ឋាភិបាល ដូចជាអង្គការមិនមែនរដ្ឋា-ភិបាល អង្គការអន្តរជាតិ ជាដៃគូរអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ជាដើម

✔️

បង្កើនការអនុវត្តយន្តការច្បាស់លាស់ ក្នុងការបញ្ជូន និងវិធានការក្នុងការឆ្លើយតប ប្រសិនបើមានករណីអំពើហិង្សា ឬការរំលោភបំពានកើតឡើង៕

អ្នកវិភាគ ៖ ដោយសារកូវីដ១៩ ចង្រៃបានជាវៀតណាម រកលេសធ្វើបាបកម្ពុជា រហូត

ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល បានដកស្រង់សម្ដីអ្នកវិភាគថា ដោយសារកូវីដ១៩ចង្រៃ បានជាវៀតណាម រកលេសធ្វើបាបកម្ពុជា រហូតជាក់ស្ដែងកាលពីឆ្នាំ២០២០ វៀតណាម បោះតង់ក្នុងតំបន់ស ដោយយកលេស ទប់ស្កាត់កូវីដ បន្ទាប់មកបិទព្រំដែន ដោយគ្មានជូនដំណឹង ជាមុនហើយពេលនេះ បិទមិនឱ្យនាំចូលបន្លែ ត្រី សាច់ យកលេសខ្លាចឆ្លងកូវីដ១៩ពីខ្មែរ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព នៅថ្ងៃទី២០ មេសានេះបានឲ្យដឹងថា ដោយសារកូវីដ១៩ចង្រៃហ្នឹង បានជាគេរកលេស ធ្វើបាបរហូត
ឆ្នាំមុនបោះតង់យកលេសទប់ស្កាត់កូវិដ១៩ ។ ក្រោយមកបិទព្រំដែន អត់ជូនដំណឹងជាមុន ។

ឥឡូវបិទមិន ឱ្យនាំចូល បន្លែ ត្រី សាច់ យកលេសខ្លាចឆ្លងកូវិដ១៩ ។ ចុះចាំបានទេ ពេលយើងបិទនាំចូលត្រី ចោទយើងរំលោភច្បាប់អង្កការ ពាណិជ្ជកម្ម ពិភពលោក WTO(World Trade Organization) រដ្ឋមន្ត្រីពាណិជ្ជកម្ម សរសេរលិខិតមកតវ៉ា បូកផ្សំ ឈ្មួញខ្មែររកស៊ីនាំ ចូលត្រីតវ៉ាទៀត យើងក៏អនុញ្ញាត្យឱ្យបើកវិញ …នៅមានលេសអីទៀត? ចុះឥឡូវឈ្មួញខ្មែរស្រែកថាម៉េចទៀត ។

សំណេរខាងលើ ជាការលើកឡើង របស់អ្នកវិភាគ និងបន្តថា ការបង្កបញ្ហានេះធ្វើឡើង មុនកិច្ចប្រជុំកំពូល អាស៊ានស្តីពី វិបត្តិនយោបាយមីយ៉ាន់ម៉ា ដែលគ្រោងប្រជុំ នៅឥណ្ឌូនេស៊ី នាថ្ងៃទី២៤ មេសា ២០២១ ៕

លោក សយ សុភាព៖​ ក្រោយរលាយកូវីដ១៩ គណបក្សរាជានិយម​ត្រូវតែរួមគ្នា

ភ្នំពេញ៖​ លោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌល​ ព័ត៌មានដើមអម្ពិល​បានលើកឡើងថា ក្រោយវិត្តិជំងឺកូវីដ១៩​ រលាយបាត់ពីស្រុកខ្មែរ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវតែរួបរួមគ្នាឡើងវិញ រៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីដើរឱ្យត្រូវ សភាពការណ៍ពិភពលោក និងតំបន់។

លោក សយ សុភាព បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី១៩ មេសានេះថា “ខ្ញុំនៅតែគោរព និងឱ្យតំលៃគណបក្សរាជានិយមហ៊្វុនសុិនប៊ុច ដែលបានរួមចំណែកដង្ហែរ សម្តេចព្រះបិតាជាតិដើម្បីអ្វីដែលយើង មានសព្វថ្ងៃរួមជាមួយសម្តេចតេជោ (៩ ១១ ៥៣ និង ២៩ ១២ ៩៨) និង អ្នកស្នេហាជាតិជាទីគោរពដ៏ទៃទៀត។ ត្រូវសរសេរក្នុងកម្មវិធីនយោបាយបក្ស”។

លោក សយ សុភាព ពន្យល់បន្ថែមថា ដោយសារតែភូមិសាស្ត្រនយោបាយ បត់បែនកន្លងមកពីសំណាក់ ចិនអាមេរិកគូសផែនទីពិភពលោក ចែកគ្នាគ្រប់គ្រងឡើងវិញ ទើបធ្វើឱ្យប្រទេសតូចតាចរៀបចំ យុទ្ធសាស្ត្រថ្មីដើរឱ្យទាន់មហាអំណាចទាំង២។ ដោយឡែកគណបក្សរាជានិយមខ្មែរ ដើរអត់ទាន់និងទំនាស់ផ្ទៃក្នុង ស្រាយមិនចេញទើបធ្វើឱ្យអ្វីៗបត់អត់ទាន់។ ឥឡូវនេះអ្វីៗបានមកដល់ហើយ។ សូមស្នើឱ្យអ្នកដឹកនាំរាជានិយមពិចារណា៖

១.សមាជិក សមាជិកាដែលសល់ពីទៅបក្សផ្សេង មិនមែនរាជានិយម បង្រួមគ្នាវិញដោយទុកជម្លោះមួយអន្លើសិន។

២.រៀបចំរកឱ្យហើយអ្នកស្នង ពីសម្តេចក្រុមព្រះដែលជាខ្សែរាជវង្ស ដែលសព្វព្រះទ័យនយោបាយ និងមិនធ្លាប់ប្រឡូកកន្លងមក។

៣.រៀបចំយុទ្ធសាស្ត្រថ្មី និង យុទ្ធវិធីថ្មីដើរឱ្យត្រូវសភាពការណ៏ពិភពលោក និង តំបន់ ព្រោះកន្លងមកហ៊្វុនសុិនប៊ុច មានទុនធំណាស់តែមិនចេះថែរក្សា ហើយលក់ស្រូវពូជអស់។

៤.កុំវាយប្រហារអ្នកស្នេហាជាតិ ឱ្យសោះទោះនៅបក្សណាក៏ដោយ ៕

គ.ជ.ប សម្រេចលើកពេល អនុវត្តដំណើរការបោះឆ្នោត សាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើកពេល អនុវត្តដំណើរការ នៃ ការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខក្នុងឃុំ-សង្កាត់ គោលដៅចំនួន២៥ នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស ។

ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បាន ពិនិត្យឃើញពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ ។

សូមបញ្ជាក់ថា កាលបរិច្ឆេទ នៃការអនុវត្តការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ នឹង ត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបានបន្ទាប់ពីស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយរាជរដ្ឋាភិបាល ៕

សម្ដេច ស ខេង ក្រើនរំលឹកអាជ្ញាធរ មិនត្រូវប្រើហិង្សា ពេលអនុវត្ត វិធានការច្បាប់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរ ឬកងកម្លាំ ងអនុវត្តច្បាប់ទាំងអស់ បន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ត្រូវចៀសវាងប្រើប្រាស់អំពើហិង្សា ក្នុងពេលអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រ ជាពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ ក្នុងពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចក្រឡាហោមបន្តថាសម្តេច បានយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហា ប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង កម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះនៅក្នុងស្ថានភាពបច្ចុ ប្បន្ន។ ក៏ប៉ុន្ដែទោះបីយ៉ាងណាសូមជំរុញទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ បន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិភ្ជាប់ ជាមួយអំពើហិង្សាឡើយ បើអ្នកប្រព្រឹត្តខុស មិនប្រតិកម្មដោយអំពើហិង្សា។

លោក បញ្ជាក់ថា «សូមនិយាយពីរឿងមួយ ការអនុវត្តច្បាប់ មិនមែនជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយអំពើហឹង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហឹង្សា ។ កុំភ្លេចពាក្យ បំរើប្រជាជន។ នៅឥណ្ឌា ប៉ូលីសវ៉ៃអ្នកប្រព្រឹត្តខុស ទីបំផុតមួយសង្កាត់ បះតបវិញរត់បះជើង ។ មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហឹង្សា គឺអាជ្ញាធរជាអ្នកខុស»៕

មេធាវី​ គង់ សំអុន និយាយពីសមត្ថកិច្ច យករំពាត់ដេញវាយពលរដ្ឋ មិនគោរពបម្រាម ធ្វើដំណើរ ក្នុងពេលបិទខ្ទប់

ភ្នំពេញ ៖ ប្រធានបទ នៃការយករំពាត់ដេញវ៉ៃ អ្នកមិនគោរពបម្រាមគោលចរ នៃការធ្វើដំណើរ ក្នុង ពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងក្តៅគគុក ក្នុងការជជែកវែកញែក ពីសាធារណជន នៅទូទាំងប្រទេស ។

ការបើវិធានដោយវាយ នឹងរំពាត់ត្រូវមតិខ្លះលើកឡើងថា យកតាមគំរូពីប្រទេស ឥណ្ឌា កាលពីឆ្នាំ២០២០ ប៉ុន្តែឥឡូវត្រូវបានយក មកអនុវត្តនៅកម្ពុជា។

ដើម្បីចង់ដឹងផ្នែកច្បាប់ ទៅជាយ៉ាងណា ចំពោះការប្រើ រំពាត់វាយអ្នកដើរ ចេញក្រៅក្នុងតំបន់ហាមឃាត់ថា យ៉ាងម៉េចខ្លះនោះសូមស្តាប់រៀប និងពន្យល់ពីលោក គង់ សំអុន មេធាវីល្បីឈ្មោះមួយ រូបប្រចាំកម្ពុជា។

លោកមេធាវីបានថ្លែងថា គ្មានច្បាប់ណាមួយចែងអំពីការប្រើរំពាត់ឡើយ ហើយណាមួយកម្ពុជា មិនទាន់ដាក់ ប្រទេស ក្នុងគ្រាមានអាសន្នឡើយ។

លោកមេធាវី គង់ សំអុន បានបរិយាយក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៣ មេសាថា មាន បងប្អូនមួយចំនួនសួរលោក ៖ ១. តើខ្ញុំគាំទ្រប៉ូលីសដេញវាយ ប្រជាជនដែលមិនគោរពបម្រាម មិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ ក្នុងតំបន់បិទខ្ទប់ /តំបន់ក្រហមដែរឬទេ?

ចម្លើយខ្លីរបស់ខ្ញុំ គឺអត់ទេ ពីព្រោះ (១) គ្មានច្បាប់ (២) កម្ពុជាមិនបានដាក់ប្រទេស ក្នុងគ្រាអាសន្ន (៣) ជាការរំលោភសិទ្ធិជាមូលដ្ឋាន ដូចជាការសន្មត់ជាមុនថា គ្មានទោស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាដើម (៤) អាជ្ញាធរមិនទាន់បានផ្តល់ នូវសេចក្តីត្រូវការជាមូលដ្ឋានឲ្យប្រជាជន ទាំងនោះនៅឡើយ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យ (៥) ជាការជំរុញឲ្យប្រព្រឹត្តហឹង្សានិយម និង (៦) ជាការរំលោភក្រមសីលធម៌ របស់ប៉ូលីស ។

២. មន្ត្រីធំៗបានអះអាងថា ក្នុងសង្គមខ្មែរការប្រើរំពាត់ ឬដំបងដេញវាយនេះ ជាការប្រៀនប្រដៅក្នុងគ្រួសារ ដូចឪពុកម្តាយអប់រំកូន យល់ស្របទេ?

ចម្លើយរបស់ខ្ញុំគឺអត់យល់ស្របទាំងស្រុងទេ ។ សង្គមខ្មែរមានការប្រើរំពាត់វាយប្រដៅកូនចៅមែន ។ ប៉ុន្តែ ប៉ូលីសទាំងនោះ មិនមែនជាម៉ែឪរបស់ប្រជាជនទេ។ ប៉ូលីសទាំងនោះគឺជាកូនចៅរបស់ប្រជាជន ដែលប្រជាជនចិញ្ចឹម ហើយត្រូវបម្រើប្រជាជន ។ ពួកគេត្រូវបម្រើដោយកិត្តិយសថ្លៃថ្នូរ មិនមែនដោយរំពាត់ ឬដំបងនោះទេ។ តាមរដ្ឋធម្មនុញ្ញ ប្រជាជនជាម្ចាស់អំណាច ។ អ្នកដែលគួរត្រូវរំពាត់ឬដំបងនោះ គួរតែជាប៉ូលីសខិលខូច ដែលមិនគោរពច្បាប់ និងរំលោភក្រមសីលធម៌ របស់ខ្លួនទៅវិញទេ ។ ហេតុនេះ កាលបើប៉ូលីសដេញវាយប្រជាជន ប្រៀបដូចកូនៗ ដេញវាយឪពុកម្តាយអញ្ចឹងដែរ ។ វាមិនស្របនឹងបរិបទសង្គមខ្មែរ នោះទេ ៕

បញ្ជូនផ្កាយ២ និងបក្ខពួក៦នាក់ ហ៊ានលួចដឹកចិន ២៨នាក់ ក្នុងពេលបិទខ្ទប់ ទៅស្នងការខេត្តស្វាយរៀង

ភ្នំពេញ ៖ មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោ ម្នាក់ និងបក្ខពួក៦នាក់ ដែលចាប់ខ្លួនពីបទបំពានបញ្ជា របស់រាជរដ្ឋាភិបាល ពីការបិទខ្ទប់ក្នុងករណី លួចដឹកជនជាតិចិន ២៨នាក់ ពីបាវិតទៅភ្នំពេញត្រូវសមត្ថកិច្ចបញ្ជូន ទៅស្នងការខេត្តស្វាយរៀង ដើម្បីកសាងសំណុំ រឿងទៅសាលាដំបូងខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។

បើតាមការរៀបរាប់ របស់លោករដ្ឋមន្រ្តីព័ត៌មាន យោធាផ្កាយ២ និងបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនពីបទបំពាន បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក៏ប៉ុន្តែលោកផ្កាយ២ និងបក្សពួកហ៊ានប្រឆាំង បទបញ្ជាលួចដឹកជនជាតិចិន ចំនួន២៨នាក់ ពីក្រុងបាវិត ខេត្ត ស្វាយរៀង ទៅរាជធានីភ្នំពេញ ដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខ សណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចដើរល្បាត បានប្រទះឃើញរថយន្តសង្ស័យ ចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារTTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនទាំងនោះ ឡើងចូលក្នុងរថយន្ត ដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿង រត់ពន្ធដឹកចិន ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង ។

ក្រោយពីសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារខាងលើ បណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យ ចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ ៕

To Top