បរទេស៖ លោក John Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របលើការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង USS Eisenhower និងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់មជ្ឈឹមបូព៌ា។ ២គ្រឿងបានទៅដល់រួចហើយដើម្បីផ្តល់ការការពារដល់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានក្នុងកំឡុងពេលដកទ័ពចេញនេះ។ នេះបើតាមលោក Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងអាមេរិកនិងណាតូ នៅប្រទេសអាហ្វហ្គានីស្ថាននឹងដកកងទ័ពជើងគោកចេញពីប្រទេសនេះនៅត្រឹមថ្ងៃទី ១ ខែឧសភា ហើយមានគោលបំណងដើម្បីបញ្ចប់ការដកហូតទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន (អាមេរិក, ណាតូ) នៅត្រឹមថ្ងៃទី ១១ ខែកញ្ញា។
លោក Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។ «យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿង បានទៅដល់តំបន់ហើយ។ លោក Austin បានយល់ព្រមលើវិធានការបន្ថែមមួយចំនួននៅថ្ងៃនេះ គាត់បានយល់ព្រមពង្រីកឱ្យបន្ថែមនាវា USS Eisenhower ឱ្យនៅតំបន់បញ្ជាការកណ្តាលទទួលខុសត្រូវមួយរយៈហើយគាត់បានយល់ព្រមបន្ថែម យន្តហោះទម្លាក់គ្រាប់បែកមួយចំនួនដែលត្រូវដាក់ពង្រាយថែមទៀត»។
លោក Kirby បាននិយាយថាវាអាចទៅរួចដែលអាចមានការកើនឡើងជាបណ្តោះអាសន្ននៃកងកម្លាំងជើងគោកអាមេរិកនៅអាហ្វហ្គានីស្ថានដើម្បីជួយក្នុងការដកទ័ពចេញឱ្យមានសណ្តាប់ធ្នាប់។
សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកបានត្រៀមចាប់ផ្តើមដកហូតសម្ភារៈយោធាចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោក Kirby បានបញ្ជាក់ពីរបាយការណ៍នេះដោយបន្ថែមថាគ្រឿងបរិក្ខារនឹងត្រូវបាននាំទៅកាន់សហរដ្ឋអាមេរិកវិញ, ដាក់ពង្រាយទៅតំបន់ផ្សេងទៀតនៅលើពិភពលោក, ផ្ទេរទៅឱ្យកងកំលាំងសន្តិសុខអាហ្វហ្គានីស្ថាន ឬបំផ្លាញចោល៕
ប្រែសម្រួលៈ ណៃ តុលា