បរទេស៖ ក្រោយសេចក្តីប្រកាសធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាល លោក Fahrettin Koca ថាថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V ក្នុងពេលខាងមុខឆាប់ៗនេះ នឹងមាននៅក្នុងប្រទេសនោះ ក្រុមហ៊ុនតួកគីមួយបាននិយាយថា ខ្លួនកំពុងតែគ្រោងធ្វើការផលិតទ្រង់ទ្រាយធំនូវថ្នាំវ៉ាក់សាំងក្នុងពេលប៉ុន្មានខែខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF ក្រុមហ៊ុននោះបាននិយាយថា ក្រុមហ៊ុនឱសថ Viscoran İlaç នឹងផលិតថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា នៅរោងចក្ររបស់ខ្លួន ដោយការផលិតនោះនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានខែខាងមុខនេះ។
នៅក្នុងសេចក្តីអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោក Kirill Dmitriev ជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Viscoran İlaç ផ្តល់ឲ្យសម្រាប់ការបង្កើនសមត្ថភាពផលិតកម្មរបស់យើង និងសម្របសម្រួលដល់ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង Sputnik V ជាសកល”។ “យើងបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ ឈានមុខគេនានា នៅក្នុងប្រទេសជាច្រើន គឺនៅអាស៊ី អាមេរិកឡាទីន អឺរ៉ុប និងអង្គការអន្តររដ្ឋាភិបាល Commonwealth of Independent States និងសូមថ្លែងអំណរគុណចំពោះភាពជាដៃគូទាំងនេះ ដែលថ្នាំវ៉ាក់សាំងដ៏មានសុវត្ថិភាពនិងប្រសិទ្ធភាព នឹងមានសម្រាប់មនុស្សក្នុងប្រទេសជាង៦០”៕ប្រែសម្រួល៖ប៉ាង កុង