ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម ត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ពីបទពុករលួយ

បរទេស៖ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម លោក Vu Huy Hoang កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ពីបទរំលោភបំពាន និងការគ្រប់គ្រងមិនត្រឹមត្រូវ បង្កឱ្យខាតបង់ប្រាក់រាប់លានដុល្លារ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថា លោក Vu Huy Hoang មានកំហុសពីបទ“ រំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋបណ្តាលឱ្យបាត់បង់ និងខ្ជះខ្ជាយ” ។

លោក Vu Huy Hoang អាយុ ៦៧ ឆ្នាំ មិនបានបង្ហាញខ្លួននៅឯតុលាការចំពោះការផ្តន្ទាទោសនោះទេ ដោយសារតែបញ្ហាសុខភាព។ មន្រ្តីម្នាក់ទៀត គឺលោក Phan Chi Dung អតីតប្រធាននាយកដ្ឋានឧស្សាហកម្មធុនស្រាលនៃក្រសួង ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ចំពោះការចោទប្រកាន់ដូចគ្នា។

ការបំពានរបស់ជនជាប់ចោទពាក់ព័ន្ធនឹងការគ្រប់គ្រងមិនបានត្រឹមត្រូវលើដីឡូតិ៍ទំហំ ៦ ០០០ ម៉ែត្រការ៉េនៅកណ្តាលក្រុងហូជីមិញ។ ដីឡូតិ៍ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរាប់រយលានដុល្លារ បានក្លាយជាទ្រព្យសម្បត្តិឯកជន បន្ទាប់ពីការផ្ទេរខុសច្បាប់ជាច្រើន៕ប្រែសម្រួលៈ ណៃ តុលា

To Top