ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិនយោបាយ ដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្ត របស់គណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រដោយ យោធាចំពោះលទ្ធផលនៃ ការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
លោកខាងលិចរួមមានសហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់ និងការព្រួយបារម្ភចំពោះការ មិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះ នៃរដ្ឋនិងតំបន់មួយចំនួន ការដកសិទ្ធិបេក្ខជន និងចំនួនអាសនៈជាច្រើនដែល ត្រូវបានបម្រុងទុកសម្រាប់ពួកយោធា ហើយគណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រ ដោយយោធាបានចោទប្រកាន់ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ថាបានលួចបន្លំសន្លឹកឆ្នោត ហើយបានទាមទារឱ្យរៀបចំ ការបោះឆ្នោតឡើងវិញ។
ភាពចម្រូងចម្រាសនៃ លទ្ធផលនៃការបោះឆ្នោត បានក្លាយជាយុត្តិកម្មដ៏សំខាន់មួយ សម្រាប់ពួកយោធាដ៏មានឥទ្ធិពល របស់ប្រទេសមីយ៉ាន់ម៉ា ប្រើប្រាស់ក្នុងការធ្វើរដ្ឋប្រហារ។ យោធាបដិសេធមិនទទួលយក លទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិមួយអំពី ប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រីធ្លាប់ជាមេដឹកនាំស៊ីវិល ចាប់តាំងពីការបោះឆ្នោត នៅឆ្នាំ២០១៥មក។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលនានា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ខណៈពេលដែលអាស៊ាន និងរដ្ឋជាសមាជិកមួយចំនួនរបស់ខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលកំពុង កើតឡើងនៅប្រទេសមីយ៉ាន់ម៉ានេះ។
មេដឹកនាំអាស៊ានបានរៀបចំ កិច្ចប្រជុំកំពូលផ្ទាល់មុខគ្នាមួយ ដែលទន្ទឹងចង់បានបំផុតដើម្បី ជួយដោះស្រាយវិបត្តិនេះ។ ជាវោហាស៍នយោបាយ ប្រទេសចិនត្រូវបានគេចោទប្រកាន់ថា បានគាំទ្រយោធាក្នុងការធ្វើរដ្ឋប្រហារ និងមិនបានប្រកាន់ជំហរ រឹងមាំប្រឆាំងនឹងរដ្ឋប្រហារ។ ទោះយ៉ាងណា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានពាក់ព័ន្ធអ្វីនឹងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដោយបានសង្កត់ធ្ងន់ថា វាជាការចោទប្រកាន់ដោយហេតុផលនយោបាយ និងមិនអាចទទួលយកបាន។
តើវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ បានកើតឡើងយ៉ាងដូចម្តេច? តើប្រទេសចិនមានការជាប់ពាក់ព័ន្ធអ្វីខ្លះ? ហើយតើគេគួរដោះស្រាយវិបត្តិ នយោបាយនេះដោយរបៀបណា?
សូមអញ្ជើញអានអត្ថបទវិភាគរបស់បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំណងជើងថា «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា គួរត្រូវបានសម្លឹងមើល ដោយលក្ខណៈសត្យានម័ត និងមិនលម្អៀង» ៕