ញូវដេលី៖ ប្រមុខរដ្ឋមន្រ្តីនៃរដ្ឋ West Bengal លោកស្រី Mamata Banerjee របស់ឥណ្ឌា បានសរសេរទៅកាន់នាយករដ្ឋមន្រ្តីលោក Narendra Modi ដោយគូសបញ្ជាក់អំពីកង្វះខាតការផ្គត់ផ្គង់អុកស៊ីសែន នៅក្នុងរដ្ឋភាគខាងកើតរបស់ប្រទេស ខណៈប្រទេសកំពុងកើនឡើងករណីឆ្លងជំងឺកូវីដ-១៩។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Banerjee បានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធបែងចែកការផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យរដ្ឋរបស់លោកស្រី។
លោកស្រីបានសរសេរថា “ ការប្រើប្រាស់អុកស៊ីសែនវេជ្ជសាស្ត្រ កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែការកើនឡើងនូវករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ដែលវាបានកើនឡើងដល់ ៤៧០ តោនក្នុង ១ ថ្ងៃក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយហើយរំពឹងថា នឹងកើនឡើងដល់ ៥៥០MT ក្នុងរយៈពេល ៧ ទៅ ៨ ថ្ងៃបន្ទាប់”។
លោកស្រីរដ្ឋមន្រ្តីបានលើកឡើងថា ប្រធានលេខាធិការរបស់រដ្ឋបានលើកឡើងពីបញ្ហានេះជាមួយមន្រ្តីរដ្ឋាភិបាលសហព័ន្ធជាន់ខ្ពស់រួចហើយ រួមទាំងរដ្ឋលេខាធិការសុខភាពសហព័ន្ធផងដែរ។
របាយការណ៍បានឲ្យដឹងថារដ្ឋ West Bengal ផលិតអុកស៊ីសែនវេជ្ជសាស្ត្រប្រហែល ៥៦០ MT ដែលក្នុងនោះបច្ចុប្បន្នកំពុងប្រើប្រាស់តែ ៤៧០ MT ប៉ុណ្ណោះ។
ដោយសារការរីករាលដាលនៅក្នុងករណីជំងឺកូវីដ-១៩ លោកស្រី Banerjee បានលើកឡើងថា“ តិចជាង ៥៥០ MT ក្នុងមួយថ្ងៃនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាព ហើយអាចនាំឱ្យមានការបាត់បង់អាយុជីវិតនៅក្នុងរដ្ឋនេះ”៕
ដោយ ឈូក បូរ៉ា