ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភាជាថ្ងៃ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយ នូវរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។
តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះ ជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្ម យ៉ាងឈឺចាប់ខ្លោចផ្សារ ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានប្រកាសជាចំហ នូវគោលនយោបាយ ដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលា របស់ពួកគេ ក្នុងនោះមានការជម្លៀស ប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នា នៅទូទាំងប្រទេសជាដើម។
គោលនយោបាយ នៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការ ហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេ បានឡើងគ្រប់គ្រងប្រទេស ពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅ ក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្ដេចប្រធានរដ្ឋសភាបញ្ជាក់ថា “យើងចងចាំរបបខ្មែរក្រហម មិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើងកសាងសង្គម គ្រួសារ សហគមន៍ និងប្រទេសជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ សុខសន្តិភាព ដែលយើងទទួលបាន ដោយលំបាកនេះ ឱ្យបានគង់វង្ស ជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍ វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយ រុងរឿងជាងនេះថែមទៀត”៕