ព័ត៌មានអន្តរជាតិ

មហាអំណាចចិន-អាមេរិក កំពុងស្វែងរកដំណោះស្រាយ លើជម្លោះទ្វេភាគី និងលើកកម្ពស់ កិច្ចសហប្រតិបត្ដិការ ពាណិជ្ជកម្ម និងវិនិយោគ

" "

ប៉េកាំង៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចា ស្តីពីបញ្ហាសេដ្ឋកិច្ចជាលើកទី ៣ ក្នុងរយៈពេលពីរសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទីក្រុងប៉េកាំង បានឲ្យដឹងថា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ខ្លួន បានធ្វើការពិភាក្សាគ្នាដោយត្រង់ៗ តាមទូរស័ព្ទជាមួយ សមភាគីអាមេរិក។

រដ្ឋមន្រ្តីពាណិជ្ជកម្មចិនលោក Wang Wentao និងសមភាគីអាមេរិកលោក Gina Raimondo បានអះអាងថា ប្រទេសមហាអំណាច ទាំងពីររបស់ពិភពលោក នឹងខិតខំដោះស្រាយជម្លោះរបស់ពួកគេឱ្យបានសមស្រប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតការងារ លើពាណិជ្ជកម្ម និងវិនិយោគ។

" "

យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថាលោក Wang និងលោក Raimondo ក៏បានយល់ព្រមផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តទំនាក់ទំនងគ្នា ដើម្បីដោះស្រាយជម្លោះអូសបន្លាយ រវាងប្រទេសទាំងពីរ។

" "

នៅថ្ងៃទី ២៧ ខែឧសភា ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ ដែលជាប្រធានអ្នកចរចា ពាណិជ្ជកម្មចិនជាមួយសហរដ្ឋអាមេរិក និងសមភាគីអាមេរិកលោកស្រី Katherine Tai បានជជែកគ្នាតាមទូរស័ព្ទនៅក្នុងកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីខែមករា។

នៅក្នុងនោះដែរ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោកស្រី Katherine Tai បានលើកឡើងពីបញ្ហាដែលគួរឱ្យព្រួយបារម្ភក្នុងអំឡុង ពេលសន្ទនាតាមទូរស័ព្ទទោះបីជាលោកស្រី មិនបានបញ្ជាក់លម្អិតក៏ដោយ៕ដោយ ឈូក បូរ៉ា

To Top