ភ្នំពេញ ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ លើកទី៧១ នាឆ្នាំ២០១៩នេះ គឺលេចរូបភាពជាលើកចុងក្រោយ ហើយសម្រាប់ថ្ងៃឈប់ សម្រាក ព្រោះចាប់ពីឆ្នាំ២០២០ តទៅរាជរដ្ឋាភិបាល នឹងលុបចោរថ្ងៃឈប់សម្រាកហើយ ។
បុណ្យជាតិសំខាន់ៗ ដែលរដ្ឋាភិបាល សម្រេចលុបចេញ ពីប្រតិទិនឆ្នាំ២០២០នោះ រួមមាន ៖ បុណ្យមាឃបូជា , ទិវាជាតិ នៃការចងចាំថ្ងៃទី២០ ឧសភា , ទិវាកុមារអន្តរជាតិ១មិថុនា , កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងថ្ងៃទី១០ ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ។ ការលុបចេញថ្ងៃឈប់សម្រាកនេះ គឺមានការមិនពេញចិត្ត ពីសំណាក់សង្គមស៊ីវិល និងសហជីពជាដើម ។
ប៉ុន្តែទោះបីជាមានការលុបថ្ងៃឈប់ សម្រាក១០ធ្នូនេះ ក៏ដោយក៏រាជរដ្ឋាភិបាល មិនបានហាមឃាត់ ការប្រារព្ធរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ។
សម្រាប់ខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ គឺមានភាគីពាក់ព័ន្ធជាច្រើន រួមគ្នាបញ្ចេញមតិផងដែរ ក្នុងនោះរួមមាន លោក កឹម សុខា អតីតមេបក្សសង្រ្គោះជាតិ , គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិល(NGOs)មួយចំនួនទៀត។
ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ លើកទី៧១(១០ធ្នូ១៩៤៨-១០ធ្នូ២០១៩) លោក កឹម សុខា បានអះអាងថា លោកបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្តដើម្បីលើកកំពស់ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក កឹម សុខា បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។ លោកថា សិទ្ធិមនុស្សគឺជាមរតក របស់មនុស្សជាតិ មិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។ ការចូលរួមលើកកំពស់ និងការពារសិទ្ធិមនុស្សមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះទេ ហើយក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានថ្លែងថា ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សជាសំណាងល្អហើយដែលរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងអំពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន បើទោះបីការអនុវត្តនៅមានការខ្វះចន្លោះមួយចំនួនធំក៏ដោយ ។
អ្នកនាំពាក្យ គ ប ម បានលើកឡើងថា “ការគោរពនិងយកគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានបានជួយកាត់បន្ថយការរំលោភបំពានផ្សេងៗ រួមទាំងការរំលោភបំពាន ផ្នែកនយោបាយមកលើមនុស្សជាតិ។ ជាសំណាងល្អ រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាក៏បានចែងអំពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន បើទោះបីការអនុវត្តនៅមានការខ្វះចន្លោះមួយចំនួនធំក៏ដោយ” ។
លោកថា ការគោរពសិទ្ធិមនុស្ស ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងពលរដ្ឋគ្រប់រូប។
ចំណែកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានគាំទ្រសកម្មភាព របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា ។តាមរយៈផេករបស់ទូតអាមេរិកបានឲ្យដឹងថា ជាការអបអរសាទរទិវា សិទិ្ធមនុស្ស លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបតំណាងនៃអង្គការអាដហុក លីកាដូ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា មជ្ឈមណ្ឌលសង្គម និងអង្គការតម្លាភាពកម្ពុជា នៅសៀមរាប ។ ឱកាសនោះលោកទូត មានប្រសាសន៍ថា “ខ្ញុំមានមោទនភាពក្នុងគាំទ្រសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា” ។
ដោយឡែល ក្រុមអង្គការ សង្គមស៊ីវិលវិញ បានអះអាងថា ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្នុងឆ្នាំនេះ មានការរិតត្បិត ដូច្នេះពួកគេសុំអំពាវនាវ ឲ្យរាជរដ្ឋាភិបាលកម្ពុជា លើកទឹកឲ្យមានការប្រារព្ធទិវានេះឡើង ។
យោងតាមសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ មានការប្រារព្ធទិវាសិទ្ធិមនុស្ស នៅទូទាំងពិភពលោក ដើម្បីរំឭកដល់ការអនុម័ត សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ នៅឆ្នាំនេះ គេឃើញមាន ចំណាត់ការមួយចំនួន ក្នុងការមិនអនុញ្ញាត ឲ្យមានការប្រារព្ធពិធីនានា និងមានការរឹតត្បិត លើការអនុវត្តសិទ្ធិមនុស្សដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍បន្តថា “យើងខ្ញុំសូមអំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជា មេត្តាលើកទឹកចិត្ត ឲ្យមានការប្រារព្ធទិវាសិទ្ធិមនុស្ស និងទទួលស្គាល់អត្ថប្រយោជន៍ នៃសិទ្ធិមនុស្សទៅលើសង្គមទាំងមូល ។ យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវសកម្មភាព ទាំងឡាយណាដែលមិនសមស្រប និងបញ្ឈប់ការកំណត់មុខសញ្ញា ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលពុះពារគ្រប់យ៉ាង ដើម្បីទាមទារឲ្យមានកិច្ចការពារ សិទ្ធិមនុស្សគ្រប់រូប” ៕