បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាបណ្តាប្រទេសនៅក្នុងប្លុកអ៊ឺរ៉ុបជាច្រើននឹងធ្វើការបញ្ចេញប្រាក់ វិនិយោគសរុប យ៉ាងហោចណាស់២០០ពាន់លានអ៊ឺរ៉ូ
នៅក្នុងគម្រោងបៃតងធំៗ ជាច្រើនដើម្បីក្នុងគោលបំណងជួយស្រោចស្រង់ សេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ។
ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula von der Leyen ដែលបានធ្វើសេចក្តីថ្លែងការណ៍អំពីផែនការនេះបានបន្តទៀតថាជុំទី១នៃបណ្តាប្រទេសជាសមាជិក សរុប២៧បានចូលរួម
នៅក្នុងផែនការវិនិយោគ ដ៏ធំដែលសំដៅទៅដល់កិច្ចការងារផលិតថាមពល បៃតងនិងជាពិសេសបង្កើនកិច្ចការងារ លើប្រព័ន្ធឌីជីថល។
គួរឲ្យដឹងដែរថាគម្រោងដែល EU ធ្លាប់បានសន្យាលើកមុន គឺមានទំហំរហូតទៅដល់ ៧៥០ពាន់លានអ៊ឺរ៉ូជាកញ្ចប់ថវិកាជំនួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនិងត្រូវបានដាក់ឈ្មោះថា NextGenerationEUដែលក្នុងនោះ វានឹងផ្តល់ឲ្យទៅ បណ្តាប្រទេសជាសមាជិកនូវជំនួយដោយផ្ទាល់៣១២,៥ពាន់លានអ៊ឺរ៉ូនិងជំនួយជាកម្ចី ៣៦០ពាន់លានអ៊ឺរ៉ុផងដែរ៕
ប្រែសម្រួល៖ស៊ុនលី