ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ការលើកឡើងរបស់ សមាជិករដ្ឋសភាអាមេរិក ជុំវិញបញ្ហា នៅប្រទេសកម្ពុជា គ្រាន់តែ បោកយកសន្លឹកឆ្នោត ពីខ្មែរនៅអាមេរិក តែប៉ុណ្ណោះ ។
ការលើកឡើង បែបនេះធ្វើឡើង ក្រោយពីមានការចុះផ្សាយ នៅលើសារព័ត៌មាន The Cambodia Daily Khmer ដោយមានខ្លឹមសារថា គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សហរដ្ឋអាមេរិក លោក Steve Chabot និងលោក Alan Lowenthal សមាជិកគណបក្ស ប្រជាធិបតេយ្យ មកពីរដ្ឋ California បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីស្នើច្បាប់មួយ ដែលនឹងអនុញ្ញាត ឲ្យមានការដាក់ទណ្ឌកម្ម លើមន្រ្តីកម្ពុជា ដែលពាក់ព័ន្ធ នឹងការធ្វើឲ្យខូច ប្រជាធិបតេយ្យ ប្រសិនបើសេចក្តីស្នើច្បាប់នេះ ក្លាយជាច្បាប់ពេញលេញ ។
នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ លោក សយ សុភាព បានលើកឡើងថា «នេះជាវិធីយកទឹកសមុទ្រ មកឱ្យខ្មែរនិយមអាមេរិក ផឹកដោយថាទឹកសាប ពីសំណាក់សមាជិក សភារបស់អាមេរិក ។ ម្យ៉ាងរបៀបបោកយកសន្លឹកឆ្នោត ពីខ្មែរអាមេរិក ។ ពួកសមាជិកសភាអាមេរិក លែងល្បែង បោកខ្មែរបែបនេះ យូរហើយ» ៕