ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើដំណើរ ទៅបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រ (Video)

បរទេស៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើដំណើរ ទៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា បារ៉ែន និងគុយវ៉ែត នៅក្នុងសប្ដាហ៍ក្រោយ នេះបើយោងតាមសម្តីមន្ទីរបញ្ចកោណ ដើម្បីជាការសម្តែងការអរគុណ ចំពោះសម្ពន្ធមិត្ត និងកងទ័ព ដែលបានជួយក្នុងប្រតិបត្តិការ ជម្លៀសអាមេរិកចេញពី អាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់ក្តោបក្តាប់អំណាច។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន GVS នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Lloyd Austin គ្រោងធ្វើដំណើរចាកចេញ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ និងជួបជាមួយមន្ត្រីក្នុងតំបន់ ក៏ដូចជាសមាជិកយោធាអាមេរិក និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby  បានមានប្រសាសន៍ដូច្នេះថា “តាមរយៈដំណើរទស្សនកិច្ច របស់លោកនេះ លោករដ្ឋមន្ត្រី Austin  នឹងជួបជាមួយដៃគូក្នុងតំបន់ និងថ្លែងអំណរគុណចំពោះពួកគេ សម្រាប់សហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលយើងជម្លៀសជនជាតិអាមេរិក ជនជាតិអាហ្វហ្គានីស្ថាន និងពលរដ្ឋមកពីប្រទេសដទៃទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថាន”។

គួរបញ្ជាក់ថា ប្រតិបត្តិការជម្លៀសនៅអាហ្វហ្គានីស្ថាន គឺជាប្រតិបត្តិការជម្លៀសតាមជើងយន្តហោះដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយធ្វើការជម្លៀសជនជាតិអាមេរិក ជនជាតិអាហ្វហ្គានីស្ថាន និងប្រជាជននៃប្រទេសដទៃទៀត មានចំនួនជាង១២០.០០០នាក់៕  ប្រែសម្រួល៖ប៉ាង កុង 

To Top