អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចាកចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យដើម្បី ចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងញូវយ៉ក។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងអ៊ីស្តង់ប៊ុល មុនការចាកចេញរបស់លោក បានលើកឡើងថា បញ្ហាទាក់ទងនឹងសុខភាព ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នឹងមានខ្ពស់នៅក្នុងរបៀបវារៈ នៃការជជែកពិភាក្សាទូទៅ។
លោកបានលើកឡើងថា លោកនឹងគូសបញ្ជាក់ពី “ការគាំទ្រយ៉ាងខ្លាំងរបស់តួកគី ចំពោះពហុភាគីនិយម និងគោលដៅនៃការបង្កើត សណ្តាប់ធ្នាប់ពិភពលោក ដែលយុត្តិធម៌” ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតនៅថ្ងៃអង្គារ។
ដោយទទួលភ្ញៀវ ជនភៀសខ្លួនប្រមាណ ៤លាននាក់ នៅលើទឹកដីរបស់ខ្លួន តួកគីក៏នឹងផ្តល់ “សារអំពីជនចំណាកស្រុក” នៅក្នុងកិច្ចប្រជុំផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោកបានលើកឡើងថា“ យើងពិតជានឹងមានសារមួយ ស្តីពីបញ្ហាជនចំណាកស្រុក ពីព្រោះយើងជាអ្នក ដែលទទួលបន្ទុកធំបំផុត” ។
លោកប្រធានាធិបតី ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលមួយចំនួន និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធ ស្បៀងអាហាររបស់ អង្គការសហប្រជាជាតិ និងកិច្ចសន្ទនាកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីកិច្ចប្រជុំថាមពល តាមរយៈវីដេអូភ្ជាប់ផងដែរ ៕
ដោយ ឈូក បូរ៉ា